ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការចុះសង្កេតការណ៍របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុម MACPP ចុះសង្កេតការណ៍នៅតំបន់ព្រំដែន។ មុនការចេញដំណើរ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃរួចរាល់។

ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍នៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបាញ់កាំភ្លើងប្រភេទ M79 និង M16 សរុប ៩គ្រាប់។

ជាមួយគ្នានេះ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់។ ហេតុការណ៍នេះផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាពនៅតាមបណ្តោយព្រំដែន។

កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ព្រមទាំងសន្ធិសញ្ញានានា។

ក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ GBC ថ្ងៃទី២៧ ខែធ្នូ ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ២០២៥ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង។




អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ដោយ៖ តារា
