ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើបាញ់គ្រាប់បែកចង្កោមពីសំណាក់កងកម្លាំងថៃ ដែលបានធ្លាក់ចូលមកលើទឹកដីកម្ពុជា។ ការលើកឡើងនេះធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ។

លោក ហេង រតនា បានបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំង CMAC កំពុងមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមទាំងនេះ ដើម្បីរំដោះដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសតំបន់សេដ្ឋកិច្ចសង្គមគ្រួសារដូចជាចម្ការដំឡូងដែលកំពុងត្រូវប្រមូលផលជាដើម។
លោកបានសង្កត់ធ្ងន់ថា៖ «ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ!»។

ក្រៅពីការរិះគន់ លោកអគ្គនាយក CMAC ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យចូលរួមបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងជំរុញឱ្យមានការរំដោះដីពីផលវិបាកសេដ្ឋកិច្ចសង្គមឱ្យបានឆាប់រហ័សបំផុតជូនប្រជាពលរដ្ឋ ស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល។


សកម្មភាពរបស់ CMAC នាពេលនេះ គឺជាការបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ ព្រមទាំងលុបបំបាត់រាល់ការគំរាមកំហែងពីសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកំពុងបន្តគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

គួររំលឹកផងដែរថា ការប្រើប្រាស់គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងររបស់វាទៅលើជីវិតមនុស្ស និងបរិស្ថាន ដែលបន្សល់ទុកនូវគ្រោះថ្នាក់រយៈពេលវែងដល់សហគមន៍មូលដ្ឋាន។
ដោយ ៖ សិលា
