
ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកចន្ទ្រា បានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីរក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចោរកម្ម។

តាមប្រភពពីនគរបាលស្រុកចន្ទ្រាបានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា កម្លាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងចរាចរណ៍ធ្វើការត្រួតពិនិត្យគោលដៅ ជាតិផ្ទុះ គ្រឿងញៀន និងគ្រឿងស្រវឹង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០នាទី។

ប្រភពដដែលបន្តថា ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមទាំង ៣នាក់ (ភេទប្រុស) យកមកសាកសួរ ទើបដឹងថាពួកគេពាក់ព័ន្ធនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចោរកម្ម។

