ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសហការជាមួយស្ថានទូតចិន ធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ (ស្រី ០២នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ការបណ្តេញនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដែលបានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចុះប្រតិបត្តិការយ៉ាងខ្លាំងក្លា។

នេះជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

ប្រតិបត្តិការនេះ មិនត្រឹមតែសំដៅទៅលើជនល្មើសប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការបង្ក្រាបមេខ្លោងដែលនៅពីក្រោយឆាក ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពខុសច្បាប់ទាំងនេះផងដែរ។


សូមបញ្ជាក់ថា ការបណ្តេញជនជាតិបរទេសនេះ គឺជាការអនុវត្តច្បាប់ដោយគ្មានការលើកលែង ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។




ដោយ៖ តារា
