អន្តរជាតិ ៖ លោក Anant Ambani មហាសេដ្ឋីវ័យក្មេងឥណ្ឌា និងជាកូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani បានដាក់សំណើសុំទទួលយកសត្វហ៊ីបប៉ូចំនួន ៨០ ក្បាល ដែលកំពុងរស់នៅក្នុងប្រទេសកូឡុំប៊ី មកថែទាំនៅក្នុងដែនជម្រកសត្វព្រៃឯកជនរបស់លោកនៅឥណ្ឌា។ សំណើនេះកើតឡើងខណៈដែលរដ្ឋាភិបាលកូឡុំប៊ីកំពុងមានគម្រោងសម្លាប់សត្វទាំងនេះ ដោយសារវាជាប្រភេទសត្វឈ្លានពានដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីដើមក្នុងតំបន់។

សត្វហ៊ីបប៉ូទាំងនេះមានដើមកំណើតមកពីសត្វដែលត្រូវបានណែនាំចូលក្នុងប្រទេសកូឡុំប៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយ Pablo Escobar ដែលជាមេខ្លោងគ្រឿងញៀនកំពូល ដែលធ្លាប់បានកសាងសួនសត្វឯកជនដ៏ធំមួយនៅអាមេរិកឡាទីន។ ចាប់តាំងពីពេលនោះមក ចំនួនសត្វហ៊ីបប៉ូបានកើនឡើងដល់ប្រហែល ១៦០ ក្បាល ដែលឥទ្ធិពលរបស់វាកំពុងធ្វើឱ្យប្រភេទសត្វដើមកំណើតក្នុងអាងទន្លេ Magdalena រងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

លោក Ambani បានស្នើសុំឱ្យរដ្ឋាភិបាលកូឡុំប៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តសម្លាប់សត្វទាំងនេះ ដោយលើកឡើងតាមរយៈសារបណ្តាញសង្គមថា៖ «សត្វហ៊ីបប៉ូទាំង ៨០ ក្បាលនេះមិនបានជ្រើសរើសកន្លែងដែលត្រូវកើតនោះទេ ហើយពួកគេក៏មិនបានបង្កើតកាលៈទេសៈដែលពួកគេកំពុងប្រឈមមុខនៅពេលនេះដែរ»។ លោកបន្តថា សត្វទាំងនេះ «គឺជាសត្វមានជីវិត និងមានវិញ្ញាណ ហើយប្រសិនបើយើងមានសមត្ថភាពជួយសង្គ្រោះពួកគេតាមរយៈដំណោះស្រាយដែលមានសុវត្ថិភាព និងមនុស្សធម៌ យើងមានកាតព្វកិច្ចព្យាយាម»។
លោក Anant Ambani បានបង្កើត មជ្ឈមណ្ឌលអភិរក្ស Vantara នៅក្នុងទីក្រុង Jamnagar រដ្ឋ Gujarat ដែលជាជម្រកសត្វជាង ១៥០,០០០ ក្បាល មកពីសត្វព្រៃជាង ២,០០០ ប្រភេទ។ នេះជាទីតាំងដែលលោកស្នើឱ្យផ្លាស់ប្តូរទីលំនៅសត្វហ៊ីបប៉ូទាំង ៨០ ក្បាល ដែលបច្ចុប្បន្នរស់នៅជុំវិញ Hacienda Nápoles ក្នុង Puerto Triunfo ខេត្ត Antioquia ដែលជាអតីតកម្មសិទ្ធិរបស់ Escobar។
សេចក្តីថ្លែងការណ៍ចុះហត្ថលេខាដោយនាយកប្រតិបត្តិរបស់ Vantara លោក Vivaan Karani បានបញ្ជាក់ថា ពួកគេមានឆន្ទៈក្នុងការទទួល និងថែទាំសត្វហ៊ីបប៉ូទាំងនេះនៅក្នុងបរិយាកាសដែលត្រូវបានរចនាឡើងយ៉ាងពិសេស និងសម្បូរបែប ដើម្បីធានាសុខុមាលភាពរបស់ពួកវា។ ប្រសិនបើរដ្ឋាភិបាលកូឡុំប៊ីយល់ព្រម ការផ្លាស់ប្តូរនឹងត្រូវបានអនុវត្តស្របតាមការអនុញ្ញាត ដំណើរការស៊ើបអង្កេតត្រឹមត្រូវ តម្រូវការសន្តិសុខជីវសាស្ត្រ និងផែនការភស្តុភារចាំបាច់ ដោយផ្តល់ការថែទាំពេញមួយជីវិតក្រោមគោលការណ៍មិនបង្កគ្រោះថ្នាក់ដល់សត្វមានជីវិតណាមួយឡើយ។
គួរបញ្ជាក់ផងដែរថា លោក Ambani ដែលជាកូនប្រុសរបស់ប្រធាន និងជានាយកប្រតិបត្តិនៃ Reliance Industries Limited (RIL) ត្រូវបានគេស្គាល់ថាជាអ្នកស្រឡាញ់សត្វ ហើយលោកធ្លាប់បានថ្លែងថា៖ «នៅក្នុងសត្វ ខ្ញុំឃើញព្រះ ហើយ Vantara គឺជាប្រាសាទមួយ»។ រដ្ឋមន្ត្រីក្រសួងបរិស្ថានកូឡុំប៊ី លោកស្រី Irene Vélez Torres បានប្រកាសពីវិធានការសម្លាប់សត្វទាំងនេះដោយសារការលូតលាស់ដែលមិនអាចគ្រប់គ្រងបាននៃប្រភេទសត្វឈ្លានពាននៅក្នុងអាងទន្លេ Magdalena។ បច្ចុប្បន្ននេះ អាជ្ញាធរ Vantara កំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលកូឡុំប៊ី និងបានអញ្ជើញមន្ត្រីកូឡុំប៊ីទៅទស្សនាកន្លែងមជ្ឈមណ្ឌលជួយសង្គ្រោះរបស់ខ្លួនផងដែរ។
ប្រភព ៖ (CNN)
