រាជធានីភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីល្បាញ សុភ័ក្ត្រ កុសុម៉ា និងស្វាមីកំពុងតែរំភើបយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងល្អថា នាងកំពុងមានផ្ទៃពោះជាថ្មីម្តងទៀត បន្ទាប់ពីបាត់បង់កូនដំបូងដោយរឿងអកុសល។

ក្រោយទទួលដំណឹងនេះ សុភ័ក្ត្រ កុសុម៉ា បានជឿជាក់យ៉ាងមុតមាំថា កូនក្នុងផ្ទៃរបស់នាងពេលនេះ គឺជាកូនដំបូងដែលបានវិលមករករូបនាងវិញ ដើម្បីចាប់កំណើតជាថ្មី។ នាងបានបង្ហោះវីដេអូជាមួយស្វាមីលើបណ្តាញសង្គម បង្ហាញឧបករណ៍ពិនិត្យផ្ទៃពោះ ដោយបង្ហាញនូវភាពរំភើបរីករាយយ៉ាងខ្លាំង។

ជាមួយវីដេអូនេះ កុសុម៉ា បានភ្ជាប់សំណេរថា៖ «គេមកហើយបងប្អូនអើយ កូនខ្ញុំគេមករកខ្ញុំវិញហើយ» ។ ក្រោយពីការប្រកាសនេះ មហាជន អ្នកគាំទ្រ និងមិត្តភក្តិក្នុងសិល្បៈជាច្រើនបានចូលរួមអបអរសាទរ និងជូនពរឲ្យនាង និងកូនក្នុងផ្ទៃមានសុខភាពល្អរហូតដល់ថ្ងៃសម្រាល។

គួរបញ្ជាក់ថា កន្លងមក សុភ័ក្ត្រ កុសុម៉ា ធ្លាប់បានសម្រក់ទឹកភ្នែកយ៉ាងក្តុកក្តួល ក្រោយពីបាត់បង់កូនដំបូងដោយសារបញ្ហាសុខភាព ពោលគឺកូនក្នុងផ្ទៃរបស់នាងលូតលាស់មិនគ្រប់លក្ខណៈ ដោយគ្មានបេះដូង ដែលធ្វើឲ្យនាងបាក់ទឹកចិត្តយ៉ាងខ្លាំង។ ចំណងដៃកូនដំបូងនេះ គឺជាក្តីប្រាថ្នាចង់បានបំផុតសម្រាប់នាង និងស្វាមី បន្ទាប់ពីរៀបការបានជាង១ឆ្នាំ។

បច្ចុប្បន្ននេះ មហាជន និងមិត្តភក្តិជិតស្និទ្ធបានចូលរួមលើកទឹកចិត្តនាងឲ្យមានភាពរឹងមាំ និងសង្ឃឹមថា ចំណងដៃកូនដំបូងនេះនឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែមានភាពផ្អែមល្ហែម និងរឹងមាំថែមទៀតផងដែរ ។

