រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានក្រុមហេសបូឡាយ៉ាងខ្លាំងក្លាថា ការបន្តបដិសេធមិនចូលរួមកិច្ចចរចាផ្ទាល់នឹងនាំមកនូវផលវិបាកយ៉ាងអន្តរាយសម្រាប់លីបង់ទាំងមូល។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំចំនួន២លើកនៅទីក្រុងវ៉ាស៊ីនតោន ដែលជាជំនួបពិភាក្សាផ្ទាល់លើកដំបូងគិតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជំនួបលើកទីមួយបាននាំឱ្យមានបទឈប់បាញ់ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងហេសបូឡា ខណៈទីក្រុងបេរូតកំពុងត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាព។

លោក Katz បានថ្លែងថា មេដឹកនាំហេសបូឡា លោក Naim Qassem កំពុងប្រឡែងលេងជាមួយភ្លើង ហើយភ្លើងមុខជានឹងឆាបឆេះហេសបូឡា រួមជាមួយលីបង់ទាំងមូល។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលលីបង់ត្រូវតែរំសាយអាវុធហេសបូឡា ដោយចាប់ផ្តើមពីភាគខាងត្បូងលីបង់ ព្រោះអ៊ីស្រាអែលមិនអាចទទួលយកស្ថានការណ៍ដែលមានទាំងបទឈប់បាញ់ និងការវាយប្រហារមកលើកងកម្លាំងអ៊ីស្រាអែលឡើយ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីលោក Qassem ប្រកាសថាកិច្ចចរចាផ្ទាល់របស់រដ្ឋាភិបាលលីបង់ជាមួយអ៊ីស្រាអែល ស្មើនឹងការសាងបាបកម្មដ៏ធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ក្រុមហេសបូឡាបានទាញលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមសាជាថ្មីកាលពីថ្ងៃទី២ ខែមីនា ក្រោយពួកគេបាញ់រ៉ុក្កែតដាក់អ៊ីស្រាអែល ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។

