ភ្នំពេញ៖ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឱ្យដឹងថា លើសពីការសម្ដែងរួមគ្នានៃ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹងមានការត្រៀមថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង រួមគ្នា សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

លោក វ៉ាត់ ចំរើន បានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធ លោកទទួលបានលិខិតស្នើសុំជួយសហការពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះយុទ្ធគុនទាំងពីរនេះ។ កាលពីឆ្នាំមុន ការសម្តែងរួមគ្នានេះទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា៖ «យុទ្ធគុនរបស់ប្រទេសនីមួយៗ គឺមានចរិតលក្ខណៈវប្បធម៌ ទេសចរណ៍ និងនយោបាយ ព្រមទាំងការបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសនីមួយៗ ដែលជាមរតកវប្បធម៌។ មរតកវប្បធម៌នេះបានស៊ីជម្រៅខ្លាំងសម្រាប់កម្ពុជា ពីព្រោះកម្ពុជាមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿងនៅសម័យអង្គរ ក៏អាស្រ័យរឿងយុទ្ធគុននេះដែរ»។

លោកបន្តថា អ្វីដែលជាអាថ៌កំបាំងនៅពីក្រោយឆាកនៃការសម្តែងនេះ គឺការត្រៀមថតឯកសារផ្សព្វផ្សាយយុទ្ធគុនទាំងពីររួមគ្នា ដែលនឹងប្រកបដោយភាពទាក់ទាញ និងស្តង់ដាអន្តរជាតិ ក្នុងទម្រង់ជារឿងខ្លីមួយ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។

លោក វ៉ាត់ ចំរើន បានអះអាងថា កិច្ចការនេះជាគោលការណ៍របស់ក្រសួងទេសចរណ៍ ស្របតាមការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវស្វែងរកអាថ៌កំបាំងក្នុងយុទ្ធគុនខ្មែរ ដែលធ្លាប់មានភាពរុងរឿងពីមុនមក។

គួរបញ្ជាក់ថា «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប គឺជាការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនាដោយផ្ទាល់ និងសេរីប្រមាណជាង ១,០០០នាក់។




អត្ថបទ៖ តារា
