ប៉ោយប៉ែត៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្ត និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យអនឡាញមួយកន្លែង ស្ថិតក្នុងបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ មេសា ២០២៦។
ក្នុងពេលប្រតិបត្តិការនេះ គេបានឮសន្លឹកអាវុធផ្ទុះឡើងជាង ១០គ្រាប់ ចេញពីខាងក្នុងបរិវេណអគារសង្ស័យ ដែលជាទីតាំងអនឡាញមានជនបរទេសជាច្រើនស្នាក់នៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។
នេះជាលើកទី២ហើយ ដែលមានការផ្ទុះអាវុធនៅក្រុងប៉ោយប៉ែតក្នុងខែមេសា ២០២៦ ខណៈសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យអនឡាញ។ កាលពីថ្ងៃទី២៥ មេសា កន្លងទៅ ក៏មានការផ្ទុះអាវុធដែរ នៅចំណុចអគារកម្ពស់១៦ជាន់ ក្នុងសង្កាត់អូរជ្រៅ ដោយប៉ូលិសបានបាញ់ឡើងលើដើម្បីទប់ស្កាត់ការសម្រុកចេញរបស់ជនបរទេស។
ចំពោះករណីផ្ទុះអាវុធនៅរសៀលថ្ងៃទី២៩នេះ ពុំទាន់ដឹងច្បាស់ថា ការផ្ទុះនេះចេញពីសមត្ថកិច្ច ឬជនសង្ស័យនៅឡើយទេ។ ប្រមាណជា១ម៉ោងក្រោយផ្ទុះអាវុធ ស្រាប់តែមានការសម្រុកចេញរបស់ជនបរទេស ដោយបានបើករថយន្តបំបុករបងបេតុង ធ្វើឲ្យប្រជាពលរដ្ឋកាន់តែភ្ញាក់ផ្អើលខ្លាំងឡើងៗ។
ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្រោយប្រតិបត្តិការបង្ក្រាបអនឡាញហ្គេមជាបន្តបន្ទាប់ គេសង្កេតឃើញជនបរទេសបានផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយក្នុងក្រុងដដែល និងខ្លះទៀតបានចាកចេញពីក្រុងប៉ោយប៉ែតទាំងយប់ទាំងថ្ងៃ តាមរថយន្ត និងដើរតាមផ្លូវ ដោយគ្មានគោលដៅច្បាស់លាស់។
មហាជនបានលើកឡើងតាមបណ្តាញសង្គមថា ការបង្ក្រាបអនឡាញហ្គេមនេះប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយមានអគារគ្មានអ្នកជួល ប្រជាពលរដ្ឋជាច្រើនគ្មានការងារធ្វើ និងអ្នកលក់ដូរគ្មានអ្នកទិញ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ដោយសារច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងពីរត្រូវបានបិទក្នុងជម្លោះព្រំដែន និងការភ័យខ្លាចរបស់ជនបរទេសដែលបានចាកចេញពីក្រុងប៉ោយប៉ែតអស់ម្តងបន្តិច។
ដោយ៖ អេម ពៅ
