ស្នេហ៍បែកគ្នា​ព្រោះឪពុកម្តាយមិនពេញចិត្ត​! ស្រីម្នាក់​ខឹង​យកសាំងដុតផ្ទះអតីតសង្សារ រត់គេច២ថ្ងៃជាប់ខ្នោះ

ស្នេហ៍បែកគ្នា​ព្រោះឪពុកម្តាយមិនពេញចិត្ត​! ស្រីម្នាក់​ខឹង​យកសាំងដុតផ្ទះអតីតសង្សារ រត់គេច២ថ្ងៃជាប់ខ្នោះ

នគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ដែលលួចចាក់សាំងដុតផ្ទះអតីតសង្សារ ព្រោះតែខឹងឪពុកម្ដាយខាងប្រុសបំបែកបំបាក់ស្នេហា។

រូបភាពជនសង្ស័យ

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ឡុង ប៉ុច អាយុ ៤៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និង ឡូ រតនា ជាកូនប្រុសម្ចាស់ផ្ទះ ធ្លាប់ស្រឡាញ់គ្នា ប៉ុន្តែបានបែកបាក់គ្នា ដោយសារឪពុកម្ដាយខាងប្រុសមិនពេញចិត្ត ជាហេតុនាំឲ្យស្ត្រីរូបនេះខឹង ហើយរៀបចំគម្រោងយកសាំងទៅដុតផ្ទះតែម្ដង។

រូបភាពកន្លែងកើតហេតុ

ប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ស្រាវជ្រាវឃាត់ខ្លួនបាននៅរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ តាមផ្លូវក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង។

គួររំលឹកថា កាលពីវេលាម៉ោង ១ និង ១០ នាទីយប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ ស្ត្រីជាជនសង្ស័យបានយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះ ដោយសារខឹងម្ចាស់ផ្ទះដែលជាឪពុកម្ដាយសង្សារបស់ខ្លួនបំបែកបំបាក់ស្នេហា។ អគ្គិភ័យនេះបណ្ដាលឲ្យខូចខាតធុងចម្រោះទឹក ១ និងខ្សែភ្លើងមួយចំនួន។

ក្រោយកើតហេតុ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាព ឃើញស្ត្រីដែលជាអតីតសង្សារកូនជាអ្នកដុត ទើបប្តឹងទៅសមត្ថកិច្ចឈានដល់ការស្រាវជ្រាវឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕

administrator

Related Articles