កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខេត្តកោះកុង បានបើកប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ដែលត្រូវបានចោទថាបានប្រព្រឹត្តបទល្មើសស្គេមអនឡាញ (Online Scams) នៅផ្ទះសំណាក់ ភីអេស (PS) ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង។

លោក អេង ច័ន្ទភារ៉ា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសានេះថា ម្ចាស់ផ្ទះសំណាក់ឈ្មោះ គឹម សេង ភេទស្រី ជនជាតិខ្មែរ។ បន្ទាប់ពីត្រួតពិនិត្យតាមបន្ទប់ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ (ស្រី៥នាក់) នៃសញ្ជាតិចិន និងមីយ៉ាន់ម៉ា។ ក្នុងនោះ មាន៣នាក់គ្មានឯកសារធ្វើដំណើរ និងស្នាក់នៅត្រឹមត្រូវ។
សម្ភារៈវត្ថុតាងដែលរកឃើញក្នុងបន្ទប់ស្នាក់នៅរួមមាន៖ កុំព្យូទ័រយួរដៃចំនួន០៣គ្រឿង, Tablet ១គ្រឿង, IPad ១គ្រឿង, MacBook ២គ្រឿង, ទូរស័ព្ទដៃចំនួន៤២គ្រឿង និងឧបករណ៍ចម្រុះមួយចំនួនទៀត។

ដោយឡែក សម្ភារៈឆែកឆេរក្នុងរថយន្តរួមមាន៖ កុំព្យូទ័រយួរដៃចំនួន១៥គ្រឿង, Tablet ១៥គ្រឿង, ទូរស័ព្ទដៃចំនួន១២គ្រឿង, ដុំWIFI ២គ្រឿង និងរថយន្ត១គ្រឿងម៉ាកGAC។ សរុបវត្ថុតាងអេឡិចត្រូនិចដកហូតបានមានជាង ៧០គ្រឿង។

ជនសង្ស័យជាបរទេសខាងលើត្រូវបានបញ្ចូនទៅកាន់ស្នងការនគរបាលខេត្តកោះកុង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត។
