ខេត្តត្បូងឃ្មុំ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការវាយឆ្មក់ឃាត់ខ្លួនជនបរទេសប្រុសស្រីសរុបចំនួន ២១២នាក់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន មីយ៉ាន់ម៉ា វៀតណាម និងខ្មែរផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចុះរដ្ឋបាលចំហររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសហការពីកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ទីតាំងចំនួន៣ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ត្រូវបានចុះត្រួតពិនិត្យ។
ក្នុងចំណោមទីតាំងទាំង៣នោះ មានទីតាំងមួយពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំដោយខុសច្បាប់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជនបរទេសដែលត្រូវបានឃាត់ខ្លួនសរុប ២១២នាក់ ស្រី៣៩នាក់ រួមមាន៖
- ជនជាតិចិន ១៩២នាក់ (ស្រី ២៤នាក់)
- ជនជាតិមីយ៉ាន់ម៉ា ៣នាក់ (ស្រី ០៣នាក់)
- ជនជាតិវៀតណាម ១០នាក់ (ស្រី ០៧នាក់)
- ជនជាតិខ្មែរ ០៧នាក់ (ស្រី ០៥នាក់)

បន្ថែមពីនេះ កម្លាំងសមត្ថកិច្ចក៏បានដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ។ ករណីនេះកំពុងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់។




