
ទីក្រុងហ្សឺណែវ៖ មកទល់ពេលនេះ សហរដ្ឋអាមេរិកនៅជំពាក់បំណុលអង្គការសុខភាពពិភពលោក (WHO) ប្រមាណ ២៦០លានដុល្លារ ហើយត្រូវបំពេញកាតព្វកិច្ចនេះឲ្យដាច់ស្រេច មុនពេលអាចដកខ្លួនចេញជាផ្លូវការបាន។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងកាលពីថ្ងៃទី២៩ ខែមេសា ថា លោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងទូទាត់ថវិកាដែលខ្លួននៅជំពាក់ ព្រោះវាជាលក្ខខណ្ឌសម្រាប់ការចាកចេញពីអង្គការនេះ។

យ៉ាងណាក៏ដោយ លោក Tedros បានបញ្ជាក់ថា បញ្ហាសំខាន់ជាងលុយនោះ គឺសន្តិសុខសុខាភិបាលសកលដែលត្រូវការការចូលរួមពីគ្រប់ប្រទេស។ លោកថា ការដកខ្លួនរបស់អាមេរិកធ្វើឲ្យខ្លួនឯង និងពិភពលោកបាត់បង់សុវត្ថិភាព ដូច្នេះលោកចង់ជួយឲ្យអាមេរិកពិចារណាឡើងវិញ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនដំណឹងដកខ្លួនមុន១ឆ្នាំកាលពីខែមករា ២០២៥។ ឥឡូវការជូនដំណឹងផុតសុពលភាពហើយ ប៉ុន្តែអាមេរិកមិនទាន់បង់ប្រាក់ជំពាក់ឆ្នាំ២០២៤ និង ២០២៥ ដែលសរុប ២៦០លានដុល្លារនៅឡើយ។ មហាសន្និបាត WHO នឹងសម្រេចរឿងនេះនៅថ្ងៃទី១៨-២៣ ខែឧសភា។

