ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ Seven SEAS NM IGATOR សញ្ជាតិបាហាម៉ាស បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាខាងលើបាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍សរុបចំនួន ៤១៣ នាក់ (ស្រី ២១៣ នាក់) មកពី ២៤ សញ្ជាតិ និងក្រុមនាវិកចំនួន ៣៧២ នាក់ (នាវិកស្រី ៨០ នាក់) មកពី ៣៩ សញ្ជាតិ។ ភ្ញៀវទេសចរណ៍ភាគច្រើនជាជនជាតិអាមេរិកមានចំនួន ២៦២ នាក់។

លក្ខណៈបច្ចេកទេសនាវាមានបណ្តោយ ១៧២,៥៣ ម៉ែត្រ ទទឹង ២៤,៨ ម៉ែត្រ និងជំរៅទឹក ៧ ម៉ែត្រ។ នាវាបានមកដល់ក្នុងគោលបំណងទស្សនាតំបន់កម្សាន្តបែបវប្បធម៌ សាសនា និងប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈ្វេងយល់ពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ។

នាវានេះធ្វើដំណើរមកពីប្រទេសថៃ ហើយនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញនៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃដដែល ដើម្បីបន្តដំណើរទៅកាន់ប្រទេសវៀតណាម។

ក្នុងឱកាសនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុង/ខេត្តព្រះសីហនុ បានសម្របសម្រួលជូនភ្ញៀវទេសចរណ៍លើឯកសារ (លិខិតឆ្លងដែន) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរបន្ត។ ភ្ញៀវទេសចរណ៍ក៏បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន ឆ្នេរ និងវត្តអារាមនានា ដើម្បីស្វែងយល់ពីវប្បធម៌ សាសនា និងប្រពៃណីរបស់កម្ពុជាផងដែរ៕

អត្ថបទដោយ៖ រស់ ភីណា | កែសម្រួលដោយ៖ ធីតា
