អាមេរិក​ចាយ​២៥​ពាន់​លាន​ដុល្លារ​ក្នុង​២​ខែ​នៃ​សង្គ្រាម​អ៊ីរ៉ង់ រីឯ​ប្រជាប្រិយភាព​ត្រាំ​ធ្លាក់​ចុះ​ជាបន្តបន្ទាប់

អាមេរិក​ចាយ​២៥​ពាន់​លាន​ដុល្លារ​ក្នុង​២​ខែ​នៃ​សង្គ្រាម​អ៊ីរ៉ង់ រីឯ​ប្រជាប្រិយភាព​ត្រាំ​ធ្លាក់​ចុះ​ជាបន្តបន្ទាប់

ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបានចំណាយទឹកប្រាក់សរុប ២៥ពាន់លានដុល្លារសម្រាប់សង្គ្រាមអ៊ីរ៉ង់ ក្នុងរយៈពេល ២ខែកន្លងទៅនេះ។ នេះជាការបង្ហើបឱ្យដឹងពីមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ហើយក៏ជាការប្រកាសជាផ្លូវការលើកដំបូងនូវខ្ទង់ចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមនេះ។

សង្គ្រាមអ៊ីរ៉ង់

នៅសល់ ៦ខែទៀត អាមេរិកនឹងបោះឆ្នោតពាក់កណ្ដាលអាណត្តិ (បោះឆ្នោតសភា)។ គេជឿជាក់ថាក្រុមសាធារណរដ្ឋនិយមរបស់លោកត្រាំអាចប្រឈមនឹងការតស៊ូនយោបាយដ៏ស្វិតស្វាញ ដើម្បីរក្សាសំឡេងភាគច្រើនដាច់ខាតនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។

យោធាអាមេរិក

ក្រុមប្រជាធិបតេយ្យកំពុងទទួលបានការគាំទ្រច្រើនជាងមុនពីសាធារណជន។ ពួកគេចង់ប្រៀបធៀបថារដ្ឋាភិបាលលោកត្រាំសុខចិត្តចំណាយលុយខ្ជះខ្ជាយទៅលើសង្គ្រាម ប៉ុន្តែមិនគិតគូរអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឡើយ។

លោក ជូល ហឺស (Jules Hurst) ដែលជាអ្នកមានភារកិច្ចពិនិត្យមើលខ្ទង់ចំណូល-ចំណាយ បានជម្រាបជូនរដ្ឋសភាថា ប្រាក់ដែលចំណាយលើសង្គ្រាមអ៊ីរ៉ង់ភាគច្រើនគឺចំណាយលើការទិញគ្រាប់រំសេវ។

គ្រាប់រំសេវ

លោកមិនបានបរិយាយលម្អិតថាខ្ទង់ចំណាយលើគ្រាប់កាំភ្លើងនោះអស់ប៉ុន្មានទេ ហើយក៏មិនបានបញ្ជាក់ឱ្យច្បាស់ថាតើទឹកប្រាក់ដូចរៀបរាប់ខាងលើនោះបូកបញ្ចូលទាំងថ្លៃចំណាយលើការជួសជុលឡើងវិញនូវមូលដ្ឋានយោធាអាមេរិកដែលខូចខាតនៅមជ្ឈិមបូព៌ាដែរឬទេ។

មូលដ្ឋានយោធា

អ្នកតំណាងរាស្ត្រឈ្មោះ អាដាម ស្មីត (Adam Smith) មកពីគណបក្សប្រជាធិបតេយ្យ បានឆ្លើយតបថាលោកត្រេកអរណាស់ដែលលោកហឺសឆ្លើយនឹងសំណួរនេះ ពីព្រោះក្រុមប្រជាធិបតេយ្យបានសួរនាំអំពីបញ្ហានេះជាយូរមកហើយ តែគ្មាននរណាផ្ដល់ចម្លើយអំពីតួលេខនៃខ្ទង់ចំណាយនេះទេ។ លោកបានបញ្ជាក់ថា សង្គ្រាមអ៊ីរ៉ង់មិនបានធ្វើឱ្យលោកដូណាល់ត្រាំចំណេញនយោបាយទេ។

លោកត្រាំ

ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ប្រជាប្រិយភាពរបស់លោកត្រាំកាន់តែស្រុតចុះជាលំដាប់។ គេអាចមើលឃើញថា លោកត្រាំវាយអ៊ីរ៉ង់ដោយសារតែការអូសទាញរបស់លោកណឺតាន់យ៉ាហ៊ូតែប៉ុណ្ណោះ។ មិនត្រឹមតែប្រជាជនអាមេរិកមិនគាំទ្រទេ ពិភពលោកសព្វថ្ងៃក៏ប្រាថ្នាឱ្យសង្គ្រាមនេះបញ្ចប់ឱ្យបានឆាប់ ព្រោះវាប៉ះពាល់គ្រប់សព្វគ្រប់បែបយ៉ាង ជាពិសេសថាមពល (សាំង និងហ្គាស) ឡើងថ្លៃឥតឈប់។

ការស្ទង់មតិលើកចុងក្រោយបង្ហាញថា ប្រជាជនអាមេរិកាំងមានតែ ៣៤% ប៉ុណ្ណោះដែលគាំទ្រឱ្យអាមេរិកវាយប្រហារអ៊ីរ៉ង់ ពោលគឺថយចុះ ២% បើប្រៀបធៀបនឹងការស្ទង់មតិកាលពីពាក់កណ្ដាលខែមេសា និងថយចុះ ៤% បើប្រៀបធៀបនឹងការស្ទង់មតិកាលពីពាក់កណ្ដាលខែមីនា។ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត

administrator

Related Articles