ទីក្រុងប៉ារីស៖ ប្រធានកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) លោក Alexander De Croo បានចេញមកព្រមានថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបង្កឲ្យមានវិបត្តិតម្លៃថាមពល និងជីកសិកម្មកើនឡើងយ៉ាងខ្លាំងនៅទូទាំងសកលលោក។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រទេស G7 ស្តីពីការអភិវឌ្ឍ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក De Croo បានបញ្ជាក់ថា វិបត្តិនេះអាចរុញច្រានមនុស្សជាង ៣០លាននាក់ ឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រក្នុងរយៈពេលដ៏ខ្លី។
លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសង្គមប្រកបដោយស្ថិរភាព ត្រូវការពេលវេលារាប់ទសវត្សរ៍ ប៉ុន្តែសង្រ្គាមត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ អាចបំផ្លាញសមិទ្ធផលទាំងអស់នោះបាន។

បើតាមការសិក្សារបស់ UNDP ក្រោយសង្រ្គាមប្រព្រឹត្តទៅបាន ៦សប្តាហ៍ គេបានរកឃើញថា សូម្បីតែសង្រ្គាមបញ្ចប់ទាំងស្រុងនៅពេលនោះក៏ដោយ ក៏មនុស្សប្រមាណ ៣២លាននាក់ នៅក្នុង ១៦០ប្រទេស នឹងត្រូវធ្លាក់ចូលក្នុងភាពក្រីក្រ។
UNDP បានបន្ថែមថា សង្រ្គាមនៅមជ្ឈិមបូព៌ានេះ ជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅពេលដែលជំនួយអភិវឌ្ឍន៍កំពុងធ្លាក់ចុះជាង ២៣% កាលពីឆ្នាំមុន ដោយសារការកាត់បន្ថយជំនួយពីម្ចាស់ជំនួយធំៗ ដឹកនាំដោយសហរដ្ឋអាមេរិក។
សង្រ្គាមដែលផ្ទុះឡើងតាំងពីចុងខែកុម្ភៈ បាននាំឲ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រករបស់ពិភពលោកសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន ព្រមទាំងវត្ថុធាតុដើមផលិតជីកសិកម្ម ធ្វើឲ្យតម្លៃស្បៀងអាហារកាន់តែកើនឡើងខ្លាំងថែមទៀត៕
