ខេត្តរតនគិរី៖ សត្វពង្រូល (Sunda Pangolin) ដែលជាប្រភេទថនិកសត្វស្ថិតក្នុងបញ្ជីក្រហម IUCN ជិតផុតពូជបំផុតលើពិភពលោក ត្រូវបានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា លែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញហើយ។

មន្ទីរបរិស្ថានខេត្តរតនគិរី បានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែមេសានេះថា មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា ធ្វើការលែងសត្វពង្រូលចូលព្រៃធម្មជាតិវិញ ក្រោយពីបានពិនិត្យឃើញថា សត្វពង្រូលនេះមិនមានរបួស និងមានសុខភាពល្អ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ។

ការលែងនេះធ្វើឡើងនៅទីតាំងសមស្របដែលងាយក្នុងការស្វែងរកចំណី និងមានសុវត្ថិភាព នៅដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដែលកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូក។
មន្ទីរបរិស្ថានខេត្តរតនគិរី បានបន្តថា សត្វពង្រូលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ កត្តាគំរាមកំហែងដល់សត្វពង្រូលមួយចំនួនមានដូចជា ការបាត់បង់ទីជម្រក ការបរបាញ់ ដាក់អន្ទាក់ និងការជួញដូរជាដើម។

គួរបញ្ជាក់ថា សត្វពង្រូលមានឈ្មោះតាមភាសាអង់គ្លេសហៅថា (Sunda Pangolin) ជាប្រភេទថនិកសត្វដែលស្លូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ហើយស្បែកមានស្រកាក្រាស់ ស្ទើរពេញដងខ្លួន។ ជាសត្វមិនរហ័សរហួននោះទេ ហើយនៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន។

