វ៉ាស៊ីនតោន៖ ការបាញ់ប្រហារមួយបានកើតឡើងនៅក្បែរសាលរាំសណ្ឋាគារ Washington Hilton ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងចូលរួមពិធីអាហារពេលល្ងាចអ្នកយកព័ត៌មានសេតវិមាន ដែលបានធ្វើឱ្យមានការជជែកវែកញែកជាថ្មីអំពីសន្តិសុខ និងការគ្រប់គ្រងអាវុធនៅសហរដ្ឋអាមេរិក។

ហេតុការណ៍នេះបានកើតឡើង ៤៥ ឆ្នាំក្រោយឃាតករម្នាក់បានបាញ់ប្រធានាធិបតី Ronald Reagan ចំទ្រូងនៅចំណតចាកចេញពីសណ្ឋាគារដដែលក្នុងឆ្នាំ ១៩៨១។ នៅពេលនោះ ខ្មាន់កាំភ្លើង John Hinckley Jr. ក៏បានបាញ់លេខាធិការសារព័ត៌មានសេតវិមាន James Brady បណ្ដាលឱ្យគាត់ពិការ មុនពេលក្លាយជាអ្នកតស៊ូមតិគ្រប់គ្រងអាវុធ ដែលឈ្មោះរបស់គាត់ត្រូវបានគេយកទៅដាក់ជាច្បាប់ Brady ឆ្នាំ ១៩៩៣។
ទោះជាយ៉ាងណា បរិយាកាសនយោបាយសព្វថ្ងៃខុសគ្នាឆ្ងាយពីសម័យ Reagan។ ខណៈអ្នកជំនាន់ក្រោយតស៊ូមតិមិនជោគជ័យសម្រាប់ការរឹតបន្តឹងអាវុធអស់ជាច្រើនឆ្នាំ ការជជែកដេញដោលភាគច្រើនបានប្រែក្លាយទៅជាការពិភាក្សាអំពីសាលរាំដែលមានសុវត្ថិភាពជាងមុនសម្រាប់ឥស្សរជនជាតិ ជាជាងការផ្លាស់ប្ដូរច្បាប់អាវុធ។

អគ្គព្រះរាជអាជ្ញាស្ដីទី Todd Blanche បានបញ្ជាក់ថា រឿងនេះមិនមែននិយាយអំពីការផ្លាស់ប្ដូរច្បាប់ទេ គឺសំដៅលើការអនុវត្តច្បាប់ដែលកំពុងធ្វើការងាររបស់ពួកគេ។ លោកក៏បានប្រកាសថា ក្រសួងយុត្តិធម៌នឹងស្នើច្បាប់ថ្មីដើម្បីជួយអ្នកលក់កាំភ្លើងឱ្យគោរពច្បាប់បានកាន់តែងាយស្រួល។
លោកស្រី Kris Brown ប្រធានអង្គការ Brady បានលើកឡើងថា ឪពុកម្ដាយអាមេរិកមានការភ័យខ្លាចចំពោះសុវត្ថិភាពកូនៗ ដោយសារការបរាជ័យផ្នែកនីតិបញ្ញត្តិ។ លោកស្រីបានរំលឹកថា ច្បាប់អាវុធសំខាន់ៗសុទ្ធតែត្រូវបានអនុម័តបន្ទាប់ពីអំពើហិង្សាដ៏គួរឱ្យភ័យខ្លាច រួមទាំងច្បាប់ Bipartisan Safer Communities Act ឆ្នាំ ២០២២ ដែលអនុម័តក្រោយការបាញ់ប្រហារនៅ Uvalde និង Buffalo។
ទោះបីជាការជជែកគ្រប់គ្រងអាវុធនៅតែបន្តមានភាពតានតឹងក៏ដោយ ក៏ព្រឹត្តិការណ៍ថ្មីនេះបានបញ្ជាក់ជាថ្មីអំពីភាពផុយស្រួយនៃសន្តិសុខ និងតម្រូវការស្វែងរកដំណោះស្រាយសមស្របដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង។
