ចក្រភពអង់គ្លេស ៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងឡុងដ៍ឆ្នាំ 2026 (London Marathon) ត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ពិសេសបំផុត បន្ទាប់ពី Guiness World Records បានប្រកាសថា ការប្រកួតនេះបានបំបែកកំណត់ត្រាអ្នកសម្រេចទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានចំនួនសរុប ៥៩,៨៣០នាក់ លើសពីកំណត់ត្រាចាស់របស់ New York City Marathon 2025 (៥៩,២២៦នាក់)។
ព្រឹត្តិការណ៍នេះក៏បានទាក់ទាញអ្នកដាក់ពាក្យចុះឈ្មោះច្រើនជាងគេមិនធ្លាប់មាន គឺ ១,១៣៣,៨១៣នាក់ បំបែកកំណត់ត្រាផ្ទាល់ខ្លួនកាលពីឆ្នាំ ២០២៥ (៨៤០,៣១៨នាក់)។

ផ្នែកបុរស៖ កីឡាករកេនយ៉ា Sabastian Sawe បានក្លាយជាម្ចាស់ជើងឯក និងជាអ្នករត់លឿនជាងគេបំផុតថ្មីរបស់ពិភពលោក ដោយប្រើពេលត្រឹម ១ម៉ោង ៥៩នាទី និង ៣០វិនាទី ឆ្លងកាត់ចម្ងាយ ៤២,១៩៥គីឡូម៉ែត្រ។ កីឡាករអេត្យូពី Yomif Kejelcha បានប្រើពេល ១ម៉ោង ៥៩នាទី ៤១វិនាទី ទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈកីឡាករអ៊ូហ្គង់ដា Jacob Kiplimo ប្រើពេល ២ម៉ោង ២៨វិនាទី បានចំណាត់ថ្នាក់លេខ ៣។ កីឡាករទាំងបីរូបសុទ្ធតែបានបំបែកកំណត់ត្រាពិភពលោកចាស់របស់កីឡាករកេនយ៉ា Kelvin Kiptum (Chicago Marathon 2023)។ គួររំលឹកថា Kiptum បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២៤ ក្នុងវ័យ ២៤ឆ្នាំ។

ផ្នែកនារី៖ កីឡាការិនីអេត្យូពី Tigst Assefa បានឈ្នះជើងឯកដោយប្រើពេល ២ម៉ោង ១៥នាទី ៤១វិនាទី បំបែកកំណត់ត្រាផ្ទាល់ខ្លួនក្នុងព្រឹត្តិការណ៍ដដែលកាលពីឆ្នាំមុន (២:១៥:៥០)។ ចំណាត់ថ្នាក់លេខ ២ គឺកីឡាការិនីកេនយ៉ា Hellen Obiri (២:១៥:៥៣) និងលេខ ៣ Joyciline Jepkosgei (២:១៥:៥៥)។ ទោះយ៉ាងណា កំណត់ត្រាល្អបំផុតរបស់ស្ត្រីនៅតែជារបស់កីឡាការិនីកេនយ៉ា Ruth Chepng’etich (Chicago Marathon 2024) ដោយប្រើពេល ២ម៉ោង ០៩នាទី ៥៦វិនាទី៕

