ភ្នំពេញ៖ ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូ WT បានប្រកាសបញ្ជូនគ្រូបង្វឹក១រូប និងកីឡាករ-កីឡាការិនីចំនួន៤រូប ទៅចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ The 27th Asian Taekwondo Championships 2026 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

នេះជាវគ្គជម្រុះ (Qualify) ដើម្បីដណ្តើមសិទ្ធិទៅកាន់ព្រឹត្តិការណ៍ Asian Games នៅប្រទេសជប៉ុន ចុងឆ្នាំ២០២៦។ សមាសភាពទាំង៥រូបមានលោកគ្រូបង្វឹក Choi YongSok ដឹកនាំកីឡាករ សំ យូដេត (ទម្ងន់ -៥៨គីឡូក្រាម), វ៉ា មិថុនា (ទម្ងន់ -៨០គីឡូក្រាម), កីឡាការិនី គ្រី លីដែន (ទម្ងន់ -៤៩គីឡូក្រាម) និង ម៉ម ជូលី (ទម្ងន់ -៥៧គីឡូក្រាម)។
គួរជម្រាបថា នេះជាលើកទីមួយហើយដែលកីឡាតេក្វាន់ដូ WT កម្ពុជា ត្រូវឆ្លងកាត់វគ្គជម្រុះមុនពេលទៅព្រឹត្តិការណ៍ធំ ដែលធ្វើឱ្យកីឡាករ-កីឡាការិនីទាំង៤រូបប្រឈមមុខនឹងសម្ពាធខ្ពស់ តែពួកគេសន្យាថានឹងប្រឹងអស់ពីសមត្ថភាព។
គួរឱ្យដឹងដែរថា កម្ពុជាបានគ្រោងបណ្ដោះអាសន្នចំនួន១១ប្រភេទកីឡាសម្រាប់អាស៊ីហ្គេម ២០២៦ នៅ Aichi-Nagoya ប្រទេសជប៉ុន ដែលនឹងប្រារព្ធពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី៤៦ប្រទេស ប្រកួតលើ៤៣ប្រភេទកីឡា។ ក្នុងចំណោម១១ប្រភេទកីឡានេះ មានតែតេក្វាន់ដូ WT និងកីឡាអេឡិចត្រូនិកប៉ុណ្ណោះដែលត្រូវឆ្លងកាត់វគ្គជម្រុះ។
