រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា គ្រោងបញ្ជូនកីឡាចំនួន ១១ ប្រភេទ ទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅ Aichi-Nagoya ប្រទេសជប៉ុន។

លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា កីឡាទាំង ១១ ប្រភេទរួមមាន៖ ហែលទឹក, អត្តពលកម្ម, ប្រដាល់សកល, ជឺជីតស៊ូ, យូដូ, ការ៉ាតេ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, កីឡាអេឡិចត្រូនិក និងបាល់ទាត់លើតុ។

លោកបានថ្លែងបែបនេះក្រោយកិច្ចប្រជុំនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងសហព័ន្ធជាតិនានា។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់បន្ថែមថា ក្នុងចំណោម ១១ ប្រភេទកីឡាខាងលើ គឺមានកីឡាតេក្វាន់ដូ WT និងកីឡាអេឡិចត្រូនិក ដែលត្រូវឆ្លងកាត់វគ្គជម្រុះ (qualify) ជាមុនសិន។ គណៈកម្មការបានដាក់អាទិភាពដល់កីឡាហែលទឹក អត្តពលកម្ម និងកីឡាដែលធ្លាប់ទទួលបានមេដាយស៊ីហ្គេម និងមេដាយអន្តរជាតិផ្សេងៗទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២៦ គ្រោងប្រព្រឹត្តទៅពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី ៤៦ ប្រទេស ប្រកួតប្រជែងលើ ៤៣ ប្រភេទកីឡា។ ចំណែកចំនួនប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូន អាចនឹងប្រែប្រួលនៅពេលមានសេចក្ដីសម្រេចជាផ្លូវការ។
