រាជធានីភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ រំពឹងថានឹងមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណពី ៥,០០០ ទៅ ៦,០០០ នាក់ ដោយគិតមកទល់ពេលនេះមានអ្នកចុះឈ្មោះជាង ៣,០០០ នាក់ហើយ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំនេះមានលក្ខណៈពិសេស ដោយសារជាឆ្នាំដ៏ធំ គណៈកម្មការរៀបចំបានត្រៀមកម្មវិធីពិសេសៗជាច្រើន រួមមានចម្រៀងថ្វាយព្រះពរ និងសកម្មភាពផ្សេងៗ ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា។
ការប្រណាំងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ដោយមានទីតាំងចេញដំណើរនិងបញ្ចប់នៅមុខវត្តបទុមវតី។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងបន្តសកម្មភាពសប្បុរសធម៌ ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងត្រៀមប្រគល់ថវិកាចំនួន ៥,០០០ ដុល្លារអាមេរិក។

លោក សែម ផល្លា នាយបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងមានការវាស់វែងផ្លូវពីគណៈកម្មការម៉ារ៉ាតុងពិភពលោក និងទទួលស្គាល់ពីសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ។ ចម្ងាយផ្លូវមាន ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២,៥គីឡូម៉ែត្រ។
