ប្រទេសម៉ាលី ៖ ពួកឧទ្ទាមបំបែកខ្លួននិយមទាមទារឯករាជ្យទូអារេសនៃរណសិរ្សរំដោះALZAWAD បានប្រកាសនៅថ្ងៃទី២៩ មេសា ពីបំណងវាយដណ្ដើមកាន់កាប់ទីក្រុងធំៗនៅភាគខាងជើងម៉ាលី និងព្យាករណ៍ថា របបយោធាកំពុងកាន់អំណាចនឹងដួលរលំក្រោយការវាយលុករួមគ្នារបស់ពួកគេ និងពួកជីហាដជាសម្ព័ន្ធមិត្ត។

សេចក្ដីថ្លែងការណ៍នេះ ជាការឆ្លើយតបដោយផ្ទាល់ចំពោះប្រមុខរបបយោធាម៉ាលីឧត្ដមសេនីយ៍អាស៊ីមីហ្គោអ៉ីតា ដែលបង្ហាញមុខជាថ្មីក្រោយបាត់មុខ៣ថ្ងៃ ដោយអះអាងថាសភាពការណ៍វិលមកស្ថិតក្រោមការត្រួតត្រាវិញហើយ។
ប្រទេសម៉ាលីកំពុងជួបប្រទះសភាពការណ៍សន្តិសុខគ្រោះថ្នាក់ បន្ទាប់ពីការប្រយុទ្ធគ្នាចាប់ផ្ដើមពីថ្ងៃទី២៥មេសា។ ការវាយប្រហារសម្របសម្រួលគ្នាកើតមាននៅតាមកន្លែងជាច្រើន ដោយពួកជីហាដក្រុមអាល់កៃដា និងពួកឧទ្ទាមទូអារេស។ តំបន់យុទ្ធសាស្ត្រជាច្រើនរងការវាយប្រហារ រួមទាំងច្រកចូលរដ្ឋធានី និងព្រលានយន្តហោះ។

ការវាយប្រហារនៅទីក្រុងគីទី ជាមូលដ្ឋានសំខាន់របស់របបយោធា បណ្ដាលឲ្យស្លាប់រដ្ឋមន្ត្រីការពារប្រទេស និងជនស៊ីវិលនិងយោធាយ៉ាងតិច៣៥នាក់។ ទីក្រុងគីដាល់នៅភាគខាងជើងកំពុងស្ថិតក្រោមការកាន់កាប់របស់ពួកឧទ្ទាម។ អ្នកនាំពាក្យក្រុមឧទ្ទាមបានប្រកាសថា ទិសដៅបន្ទាប់គឺវាយយកក្រុងហ្គាវ តោមប៊ុកទូ និងមេណាកា។
ពួកឧទ្ទាមបំបែកខ្លួននិយមបានប្រយុទ្ធអស់ជាច្រើនឆ្នាំ ដើម្បីបង្កើតរដ្ឋឯករាជ្យនៅភាគខាងជើង។ ពួកយោធាម៉ាលីទទួលបានការជួយទ្រទ្រង់ពីកងកម្លាំងរុស្ស៊ី AFRICA CORPS (អតីតក្រុមWAGNER)។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំម៉ាលីបានថ្លែងថា រុស្ស៊ីនិងAFRICA CORPS នៅជាមួយកងទ័ពម៉ាលីដើម្បីប្រយុទ្ធប្រឆាំងភេរវករអន្តរជាតិ។
