អ៊ីស្រាអែលនៅតែបន្តបាញ់សម្លាប់ ១៧នាក់ ទោះមានបទឈប់បាញ់នៅលីបង់រួចហើយក្តី

អ៊ីស្រាអែលនៅតែបន្តបាញ់សម្លាប់ ១៧នាក់ ទោះមានបទឈប់បាញ់នៅលីបង់រួចហើយក្តី

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានទទូចឱ្យមានជំនួបរវាងមេដឹកនាំលីបង់ និងអ៊ីស្រាអែល ខណៈដែលក្រសួងសុខាភិបាលលីបង់ចេញរបាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ បើទោះបីជាមានបទឈប់បាញ់រួចទៅហើយក៏ដោយ។

កាលពីខែមេសា អ្នកតំណាងលីបង់ និងអ៊ីស្រាអែល បានជួបគ្នា ២លើកនៅទីក្រុងវ៉ាស៊ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានអូសទាញលីបង់ចូលក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ដែលនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉ាងសាហាវ និងការវាយលុកតាមផ្លូវគោកពីអ៊ីស្រាអែល។

រូបភាពសង្រ្គាមលីបង់-អ៊ីស្រាអែល

ក្រោយជំនួបលើកទី១ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ហើយត្រូវបានពន្យារពេល ៣សប្តាហ៍បន្ថែមទៀត ក្រោយជំនួបលើកទី២។ លោក ត្រាំ សង្ឃឹមថា នឹងធ្វើជាម្ចាស់ផ្ទះជំនួបរវាងប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

យ៉ាងណាមិញ គម្រោងចរចានេះ កំពុងបង្កភាពមិនចុះសម្រុងនៅលីបង់ ដោយមានការជំទាស់ដាច់អហង្ការពីក្រុមហេសបូឡា។ ស្ថានទូតអាមេរិកប្រចាំលីបង់ បានលើកឡើងថា លីបង់កំពុងស្ថិតនៅផ្លូវបំបែកដ៏សំខាន់ ដោយប្រជាជនលីបង់មានឱកាសជាប្រវត្តិសាស្រ្តដើម្បីដណ្តើមយកប្រទេសរបស់ពួកគេវិញ និងកសាងអនាគតប្រកបដោយអធិបតេយ្យភាព និងឯករាជ្យពិតប្រាកដ។

រូបភាពស្ថានការណ៍នៅលីបង់

ស្ថានទូតអាមេរិកបានបន្តថា ជំនួបផ្ទាល់រវាងលោក Aoun និងលោក Netanyahu ក្រោមការសម្របសម្រួលរបស់លោក ត្រាំ នឹងផ្តល់ឱកាសឱ្យលីបង់ទទួលបានការធានារឹងមាំសម្រាប់អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសន្តិសុខព្រំដែន ការគាំទ្រមនុស្សធម៌ និងកិច្ចស្ថាបនាឡើងវិញ រួមជាមួយការស្តារសិទ្ធិអំណាចរដ្ឋលីបង់ឡើងវិញលើទឹកដីរបស់ខ្លួនគ្រប់សង់ទីម៉ែត្រ ដែលសុទ្ធតែនឹងត្រូវធានាដោយសហរដ្ឋអាមេរិក៕

administrator

Related Articles