ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ស្រី ឌឹក បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន លោកអនុសេនីយ៍ឯក សុក ណាវុន ដែលបានពលីជីវិតកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តគោកបេង ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមមេបញ្ជាការរងបានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧, ៨ និង ៩ ទាំងអស់។

គណៈប្រតិភូបានសម្ដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់យោធិនដ៏សំខាន់មួយរូប ដែលលោកធ្លាប់បានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការរងក៏បាននាំយកថវិកាមូលនិធិមរណភាពសរុបចំនួន ១២លានរៀល ប្រគល់ជូនក្រុមគ្រួសារសព ក្នុងនោះរួមមានពីកងពលធំអន្តរាគមន៍លេខ៣ ចំនួន ១០លានរៀល, កងពលតូចលេខ៧ ចំនួន ១លានរៀល, កងពលតូចលេខ៨ ចំនួន ៥០ម៉ឺនរៀល និងកងពលតូចលេខ៩ ចំនួន ៥០ម៉ឺនរៀល។

ប្រភព៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
