រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដើម្បីច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅអគារ១៣ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់សារព័ត៌មានថៃនេះ គឺជាការបំភ្លើសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា និងអាចបង្កការយល់ច្រឡំដល់សាធារណជន ព្រមទាំងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នាពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scam នៅក្រុងប៉ោយប៉ែត ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិថៃសរុបចំនួន ៦៣៥នាក់ (ស្រី ៣៥៩នាក់) ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់នេះ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចកម្ពុជាមិនមានចេតនា ឬទង្វើណាមួយក្នុងការបង្ខាំង ឬរំលោភបំពានលើជនជាតិថៃទាំងនោះឡើយ។ ផ្ទុយទៅវិញ ដោយផ្អែកលើស្មារតីមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ អគ្គស្នងការដ្ឋាននគរបាលជាតិបានទំនាក់ទំនងជាបន្ទាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថៃ ដើម្បីសម្របសម្រួល និងរៀបចំបញ្ជូនជនជាតិថៃទាំង ៦៣៥នាក់នោះ ត្រឡប់ទៅប្រទេសថៃវិញប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្កោលទោសចំពោះការផ្សាយព័ត៌មានបំភ្លើសពីការពិត ដែលប៉ុនប៉ងមួលបង្កាច់ និងទម្លាក់កំហុសមកលើប្រតិបត្តិការបង្ក្រាបបទល្មើសរបស់អាជ្ញាធរកម្ពុជា។ អគ្គស្នងការដ្ឋានបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលុបបំបាត់រាល់សកម្មភាពបទល្មើសបច្ចេកវិទ្យា និងការពារផលប្រយោជន៍របស់ពលរដ្ឋក្នុងតំបន់។

ទន្ទឹមនឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់បណ្តាញសារព័ត៌មានទាំងអស់ ឲ្យអនុវត្តវិជ្ជាជីវៈសារព័ត៌មានដោយភាពស្មោះត្រង់ ផ្អែកលើការពិត និងធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ៕
