រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅតាមបណ្តោយផ្លូវលេខ៣៦៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ សំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងជាបឋមថា មុនកើតហេតុ គេធុំក្លិនផ្សែងឈ្ងៀមក្បែរផ្ទះពួកគាត់រស់នៅ ដោយភ័យស្លន់ស្លោរ ប្រជាពលរដ្ឋបាននាំគ្នារត់ចេញពីក្នុងផ្ទះ មកក្រៅមើល ស្រាប់តែឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះឈើ ដែលជាកន្លែងស្តុកអេតចាយ យ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។

ភ្លាមៗ អ្នកឃើញហេតុការណ៍បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់។ គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញសម្ភារប្រើប្រាស់ទាំងស្រុងនៅក្នុងផ្ទះ និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ជាច្រើនខ្នង។

ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមមានរថយន្តជំនួយមកពីគោលដៅទាំង១៤ខណ្ឌ ជាច្រើនគ្រឿង ដើម្បីពន្លត់ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ។


ចំពោះមូលហេតុនៃការឆាបឆេះនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃអគ្គិភ័យដ៏គួរឲ្យរន្ធត់នេះ។







