ទីក្រុងប៉េកាំង៖ ប្រទេសចិនបានសម្រេចលុបចោលពន្ធគយនាំចូលទាំងស្រុង (Zero-Tariff) សម្រាប់ទំនិញទាំងអស់ដែលនាំចូលពីប្រទេសនៅទ្វីបអាហ្វ្រិកចំនួន ៥៣ ក្នុងចំណោម ៥៤ ប្រទេស ដោយទុកតែប្រទេសអេស្វ៉ាទីនី (Eswatini) តែមួយគត់ដែលមិនទទួលបានសិទ្ធិនេះ ដោយសារតែប្រទេសនេះនៅតែរក្សាទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ នេះបើតាមប្រភពពី BBC, Nikkei, HKTDC និងប្រភពផ្សេងទៀត។
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ចិនបានចាប់ផ្តើមអនុវត្តការលុបចោលពន្ធនាំចូលទាំងស្រុងលើទំនិញទាំងអស់ពីប្រទេសអាហ្វ្រិកចំនួន ៥៣ ក្នុងចំណោម ៥៤ ប្រទេស។ អេស្វ៉ាទីនី ដែលជាប្រទេសនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ក្លាយជាប្រទេសតែមួយគត់ដែលមិនទទួលបានការលើកលែងពន្ធដ៏សំខាន់នេះ ដោយសារតែទីក្រុងប៉េកាំងផ្តល់ការលើកលែងនេះសម្រាប់តែប្រទេសណាដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយខ្លួនប៉ុណ្ណោះ។

ដើមឡើយ ចិនបានផ្តល់ការមិនយកពន្ធនេះសម្រាប់តែប្រទេសក្រីក្របំផុតចំនួន ៣៣ នៅអាហ្វ្រិកប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះបានពង្រីកដល់ប្រទេសមានសេដ្ឋកិច្ចធំៗដូចជា អាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ា កេនយ៉ា អេហ្ស៊ីប និងម៉ារ៉ុកជាដើម។ មហាយក្សនៅអាស៊ីមួយនេះមានបំណងបង្កើនការនាំចូលផលិតផលកសិកម្ម ធនធានរ៉ែ និងទំនិញកែច្នៃពីអាហ្វ្រិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ Global South (សកលលោកខាងត្បូង)។
គោលនយោបាយថ្មីនេះនឹងមានសុពលភាពដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨ ហើយតាមរយៈការផ្លាស់ប្តូរនេះ ចិនបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំដំបូងគេដែលផ្តល់ការអនុគ្រោះពន្ធសូន្យដល់ទ្វីបអាហ្វ្រិកទាំងមូល។ ផ្ទុយពីសហរដ្ឋអាមេរិកដែលបានដាក់ពន្ធគយរហូតដល់ ៣០% លើប្រទេសអាហ្វ្រិកមួយចំនួនកាលពីខែសីហា ឆ្នាំ២០២៥ មុនពេលទម្លាក់មកនៅត្រឹម ១០% បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធគយជាច្រើន។
កាលពីឆ្នាំមុន ឱនភាពពាណិជ្ជកម្មរបស់បណ្តាប្រទេសអាហ្វ្រិកជាមួយចិនបានកើនឡើង ៦៥% ដល់ប្រហែល ១០២ ពាន់លានដុល្លារអាមេរិក។ ការនាំចេញទៅកាន់ប្រទេសចិនត្រូវបានគ្របដណ្ដប់ដោយធនធានរ៉ែ និងវត្ថុធាតុដើមដូចជា ប្រេងឆៅ និងរ៉ែលោហធាតុ។ បច្ចុប្បន្ននេះ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិននៅក្នុងតំបន់រួមមាន អង់ហ្គោឡា (ជំរុញដោយប្រេង) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាហ្វ្រិកខាងត្បូងផងដែរ៕
