កម្ពុជា​បន្ត​បណ្តេញ​ជនជាតិ​ចិន​១៥៣នាក់​ ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​លួចស្នាក់នៅខុសច្បាប់

កម្ពុជា​បន្ត​បណ្តេញ​ជនជាតិ​ចិន​១៥៣នាក់​ ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​លួចស្នាក់នៅខុសច្បាប់

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនចំនួន ១៥៣ នាក់ (ស្រី ០៨ នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ការបណ្តេញជនជាតិចិន

ការបណ្ដេញនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយសហការជាមួយស្ថានទូតចិន។ ជនជាតិចិនទាំងនេះ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ការអនុវត្តនីតិវិធី

ប្រភពបានអះអាងថា ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំតម្រង់ទិសយ៉ាងមុតមាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះជាកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ។

ជនជាតិចិនត្រូវបានបណ្តេញចេញ

ជាពិសេស វិធានការនេះផ្ដោតលើការទប់ស្កាត់មេខ្លោងដែលនៅពីក្រោយឆាក ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញប្រកបដោយសេរីភាព៕

administrator

Related Articles