ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកត្រៀមដកកងទ័ពរបស់ខ្លួនចំនួន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានទំនាស់យ៉ាងល្វីងជូរចត់ជាមួយគ្នា ដោយសារពាក្យសម្ដីប៉ុន្មានម៉ាត់របស់អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីតរីច ម៊ែក ធ្វើឱ្យលោកត្រាំឈឺចុកចាប់។

លោកម៊ែកបានថ្លែងថា អ៊ីរ៉ង់ធ្វើឱ្យអាមេរិកអាម៉ាស់មុខក្នុងការចរចារដើម្បីបញ្ចប់សង្គ្រាម និងចោទថាអាមេរិកគ្មាននយោបាយច្បាស់លាស់។ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានថ្លែងថា ការប្រើប្រាស់ពាក្យសម្ដីបែបនេះគឺមិនសមរម្យ និងឥតប្រយោជន៍ឡើយ។

មន្ទីរបញ្ចកោណថ្លែងថា ដំណើរការដកទ័ពរំពឹងនឹងបិទបញ្ចប់ចាប់ពី ៦ ទៅ ១២ខែខាងមុខ។ បច្ចុប្បន្ន កងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់មានចំនួន ៣៥,០០០នាក់ ដែលច្រើនជាងគេនៅអឺរ៉ុប។ ការដកទ័ពនេះនឹងធ្វើឱ្យកម្រិតទ័ពត្រឡប់មកស្មើមុនឆ្នាំ២០២២ ពោលគឺមុនពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន។

មន្ត្រីដដែលចាត់ទុកថា ការសម្រេចនេះស្របនឹងគោលនយោបាយរដ្ឋបាលលោកត្រាំ ដែលចង់ជំរុញឱ្យអឺរ៉ុបម្ចាស់ការលើខ្លួនឯងខាងសន្តិសុខ។ កាលពីសប្ដាហ៍មុន ទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយអ៊ីមែលសម្ងាត់របស់មន្ទីរបញ្ចកោណ ដែលបញ្ជាក់ថា អាមេរិកនឹងចាត់វិធានការក្ដៅទៅលើសម្ព័ន្ធមិត្តណាតូដែលមិនគាំទ្រប្រតិបត្តិការសឹករបស់យោធាអាមេរិកនៅអ៊ីរ៉ង់។ ក្នុងនោះរួមមានការព្យួរសមាជិកភាពអេស្ប៉ាញ និងការផ្លាស់ប្ដូរជំហរលើបញ្ហាកោះហ្វកលេនផងដែរ៕
ប្រភព៖ រ៉យទ័រ
