រាជធានីភ្នំពេញ៖ កម្មករនិយោជិត សហជីព កសិករ រួមជាមួយសមាគម និងអង្គការសង្គមស៊ីវិល ប្រមាណជាង១ពាន់នាក់ បានបង្ហាញការពេញចិត្តក្នុងការចូលរួមវេទិកានៃកិច្ចសន្ទនាសង្គម អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយរាជរដ្ឋាភិបាល។

វេទិកានេះបានជួយឱ្យកម្មករនិយោជិត និងកសិករ អាចបង្ហាញពីសំណើ និងសំណូមពរបានលឿនរហ័សទៅដល់រាជរដ្ឋាភិបាល ជាងការហែរក្បួនដាក់ញត្តិ ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា វេទិកានេះបានបើកឱកាសដល់និយោជក សហជីព និងអង្គការសង្គមស៊ីវិល ជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្តូរទស្សនៈ និងដាក់ចេញអនុសាសន៍គោលនយោបាយស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម ដែលកម្មករ កសិករកំពុងជួបប្រទះពាក់ព័ន្ធសិទ្ធិការងារ សេរីភាពសហជីព ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាព សុខភាពការងារ និងពង្រីកកិច្ចគាំពារសង្គម។

លោកបញ្ជាក់ថា៖ «វេទិកានេះ គឺជាលំហរួមសម្រាប់រដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងសិទ្ធិការងារ ប្រាក់ឈ្នួលសមរម្យ សុវត្ថិភាពការងារ ការពង្រីកគាំពារសង្គម និងវិធានការឆ្លើយតបវិបត្តិសកល»។

អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញក្តីរីករាយ និងអរគុណដល់បងប្អូនកម្មករនិយោជិត សហជីព កសិករ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសវិធីសាស្ត្រលឿនរហ័ស និងមានប្រសិទ្ធិភាពក្នុងការជួបជុំពិភាក្សាគ្នានៅថ្ងៃនេះ ប្រសើរជាងការដើរដាក់លិខិត ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា៖ «អ្វីដែលបងប្អូនរៀបចំវេទិកាសាធារណៈថ្ងៃនេះ គឺប្រាកដជាចង់ឱ្យបានសំឡេង ចង់ឱ្យបានសំណូមពររបស់បងប្អូននេះលឺដល់រដ្ឋាភិបាល ហើយប្រគល់ញត្តិ ប្រគល់សំណើរ ប្រគល់សំណូមពរហ្នឹង ឱ្យបានលឿន ចឹងវិធីដែលលឿន ប្រហែលមិនចាំបាច់ដើរកាត់រង្វង់មូលអីច្រើនទេ យើងមកកន្លែងនេះ ជួបជុំគ្នា បើថាត្រូវឆ្ងល់អី សួរគ្នាត្រង់ៗតែម្តង»។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងការងារនឹងទទួលសំណើរ សំណូមពរ ឬបណ្តឹងរបស់បងប្អូនកម្មករនិយោជិត ដើម្បីរកដំណោះស្រាយលឿនរហ័សទាន់ពេលវេលា មិនថាបងប្អូនប្រកបការងារក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយ ឱ្យតែមានបញ្ហាពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ក៏ដូចជាអត្ថប្រយោជន៍។
សូមជម្រាបជូនថា វេទិកានៃកិច្ចសន្ទនាសង្គមជាមួយរាជរដ្ឋាភិបាលបានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រៀបចំដោយ សហភាពការងារកម្ពុជា (CLC) សហភាពចលនាកម្មករកម្ពុជា (CCW) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយសហជីព សមាគម កម្មករ កសិករ និងអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ «គោលនយោបាយឆ្លើយតប គាំពារសង្គម សិទ្ធិការងារ និងវិបត្តិសកល» ដោយមានអ្នកចូលរួមជាង១ពាន់នាក់។
