រាជធានីភ្នំពេញ៖ ករណីបុរសជាអ្នករត់ម៉ូតូកង់បីបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈម៉ូតូកង់បីរបស់គាត់ត្រូវបានគេប្រទះឃើញដុតកម្ទេចចោលនៅទីវាល បានធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភខ្លាំងឡើងៗ។ រហូតមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល១សប្ដាហ៍ហើយ តែពុំទាន់មានតម្រុយអ្វីសោះឡើយ។

តាមក្រុមគ្រួសារបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ថុន វិចិត្រ អាយុ៣៣ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីប្រចាំនៅម្ដុំផ្សារដីហុយ បានបាត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយពុំអាចទាក់ទងបាន។

ស្ត្រីជាប្រពន្ធបានរៀបរាប់ដោយសម្ដីញ័ររន្ធត់ថា៖ «ទម្លាប់ប្ដី ទោះរវល់យ៉ាងណា ក៏គាត់ផ្ញើ Sticker តបវិញដែរ តែពេលនេះចូលមើលហើយស្ងាត់សូន្យ សង្ស័យថា អ្នកដែលកំពុងកាន់ទូរស័ព្ទនោះ មិនមែនជាប្ដីគាត់ឡើយ»។

នៅរសៀលថ្ងៃទី២៤ ខែមេសា ក្រុមគ្រួសារទទួលបានដំណឹងថា ម៉ូតូកង់បីមួយគ្រឿងត្រូវបានគេដុតកម្ទេចចោលនៅទីវាលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករៈការ ខណ្ឌព្រែកព្នៅ។ លុះចុះទៅមើលទើបដឹងថា ជាម៉ូតូកង់បីរបស់ប្ដី ដែលនៅសល់តែសំណល់ម៉ាស៊ីន ដៃ និងកង់ប៉ុណ្ណោះ។

ក្រុមគ្រួសារបានបន្តស្វែងរកគ្រប់ច្រកល្ហក ទាំងផ្លូវភ្លឺ និងផ្លូវងងឹត ដោយបានទៅរកគ្រូពូកែៗមើលជាច្រើនកន្លែង។ គ្រូខ្លះថា មានគេឃុំគ្រងផ្លូវងងឹតមិនឲ្យមកផ្ទះវិញ ខណៈគ្រូខ្លះទៀតថា អាចត្រូវបានគេសម្លាប់ពន្លិចក្នុងទឹកបាត់ហើយ។

គួរបញ្ជាក់ថា សមត្ថកិច្ចខណ្ឌព្រែកព្នៅបានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារមកដាក់ពាក្យបណ្ដឹង សមត្ថកិច្ចបានស្វះស្វែង និងស្រាវជ្រាវរកអ្នករត់ម៉ូតូកង់បីរូបនោះ តែពុំទាន់ទទួលដំណឹងនៅឡើយទេ។ ចំណែកប្រព័ន្ធទាក់ទងរបស់គាត់ក៏ត្រូវបានបិទផ្ដាច់សេវាផងដែរ។ រហូតមកដល់ពេលនេះរយៈពេល៧ថ្ងៃហើយ អ្នករត់ម៉ូតូកង់បីរូបនោះនៅតែបាត់ដំណឹងរកពុំទាន់ឃើញនៅឡើយ៕
