ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ជនជាតិចិនសរុបចំនួន ១៥៦នាក់ (ស្រី ១៣នាក់) ដែលជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលួចស្នាក់នៅធ្វើការខុសច្បាប់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាហើយនៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ។

ការបណ្តេញនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំផ្ទាល់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា។
ជនជាតិចិនទាំង១៥៦នាក់នេះត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ប្រភពបន្តថា ការបណ្តេញនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ ដោយមិនមានការលើកលែងឡើយ។

ជាពិសេស រដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់លើការផ្តន្ទាទោសមេខ្លោងដែលនៅពីក្រោយឆាក ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពខុសច្បាប់ទាំងនេះ ដើម្បីឱ្យពួកគេមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ។

សូមបញ្ជាក់ថា នេះជារលកថ្មីមួយទៀតនៃការបណ្តេញជនជាតិបរទេសចេញពីកម្ពុជា បន្ទាប់ពីអាជ្ញាធរបានបន្តរឹតបន្តឹងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅទូទាំងប្រទេស។

