ទីក្រុងហាណូយ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi គ្រោងនឹងជួបមេដឹកនាំកំពូលវៀតណាម លោក To Lam នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខណៈប្រទេសទាំងពីរកំពុងព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគី នៅចំពោះមុខសន្ទុះវិនិយោគរបស់ជប៉ុនដែលកំពុងថមថយក្នុងប្រទេសវៀតណាម។
ប្រភពពីក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីវិធីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលត្រូវបានឯកភាពគ្នាកាលពីឆ្នាំ២០២៣ ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការលើវិស័យថាមពល បច្ចេកវិទ្យា ធនធានរ៉ែសំខាន់ៗ និងស្ថិរភាពក្នុងតំបន់។

ទិន្នន័យពីរដ្ឋាភិបាលវៀតណាមបានបង្ហាញថា ជប៉ុននៅតែជាអ្នកវិនិយោគបរទេសធំបំផុតមួយរបស់វៀតណាម ដោយក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រតិបត្តិការរោងចក្រធំៗនៅទីនោះ។ ទោះជាយ៉ាងណា ការវិនិយោគថ្មីរបស់ជប៉ុនក្នុងត្រីមាសទីមួយឆ្នាំ២០២៦ បានធ្លាក់ចុះរហូតដល់ ៧៥% ពោលគឺនៅត្រឹម ២៣៣លានដុល្លារប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
តាមមន្ត្រីដដែល លោកស្រី Takaichi ក៏នឹងពិភាក្សាពីការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុនជប៉ុន រួមទាំងឧបសគ្គក្នុងការទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗពីរដ្ឋាភិបាលវៀតណាមផងដែរ។ គួរបញ្ជាក់ថា ជប៉ុនកាលពីឆ្នាំ២០២៥ បានប្រកាសដកខ្លួនពីគម្រោងថាមពលនុយក្លេអ៊ែរមួយនៅវៀតណាម ដោយសារការរឹតត្បិតយ៉ាងតឹងរ៉ឹងលើពេលវេលាសាងសង់៕
