ខេត្តត្បូងឃ្មុំ៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ និងដោយមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនី Telegram ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន ០១នាក់ ឈ្មោះ ក.ព.ទ.វ ភេទស្រី ជនជាតិខ្មែរ ដែលជាម្ចាស់គណនីធនាគារទទួលប្រាក់ឆបោកពីជនរងគ្រោះ។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់បន្តទៀត។
ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងគណនីធនាគារ ព្រមទាំងគណនីបណ្តាញសង្គមនានា។ សូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ដើម្បីជៀសវាងការលួចចូលគ្រប់គ្រងគណនីពីជនអនាមិក ដែលអាចនាំឱ្យបាត់បង់ផលប្រយោជន៍ផ្សេងៗ។

ដោយ៖ សិលា
