អន្តរជាតិ ៖ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា មជ្ឈមណ្ឌលទិន្នន័យ (Data Center) ដ៏ធំសម្បើមដែលប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) កំពុងបង្កើតជា “កោះកម្ដៅ” ដែលធ្វើឲ្យសីតុណ្ហភាពដីជុំវិញកើនឡើងដល់ទៅ ១៦ អង្សាហ្វារិនហៃ និងប៉ះពាល់ដល់ប្រជាជនជាង ៣៤០ លាននាក់នៅទូទាំងពិភពលោក។

លោក Andrea Marinoni សាស្ត្រាចារ្យរងផ្នែកសង្កេតផែនដីនៃសាកលវិទ្យាល័យ Cambridge និងជាអ្នកដឹកនាំការសិក្សានេះ បានលើកឡើងថា ការយល់ដឹងរបស់យើងអំពីផលប៉ះពាល់នៃមជ្ឈមណ្ឌលទិន្នន័យគឺនៅមានចន្លោះប្រហោងធំៗនៅឡើយ ទោះបីជាចំនួនរបស់ពួកគេកំពុងកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលទិន្នន័យសីតុណ្ហភាពក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយពីឧបករណ៍ចាប់សញ្ញាពីចម្ងាយ ហើយបានគូសផែនទីទល់នឹងទីតាំងមជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតធំជាង ៦,០០០ កន្លែងនៅទូទាំងពិភពលោក។ លទ្ធផលបានបង្ហាញថា សីតុណ្ហភាពផ្ទៃបានកើនឡើងជាមធ្យម ៣.៦ អង្សាហ្វារិនហៃ បន្ទាប់ពីមជ្ឈមណ្ឌលទិន្នន័យចាប់ផ្តើមដំណើរការ ហើយក្នុងករណីធ្ងន់ធ្ងរ សីតុណ្ហភាពបានកើនឡើងដល់ទៅ ១៦.៤ អង្សាហ្វារិនហៃ។
គួរឲ្យកត់សម្គាល់ ឥទ្ធិពលកម្ដៅនេះមិនកំណត់ត្រឹមតែបរិវេណមជ្ឈមណ្ឌលទិន្នន័យនោះទេ ប៉ុន្តែបានលាតសន្ធឹងទៅតំបន់ជុំវិញចម្ងាយរហូតដល់ ៦.២ ម៉ាយ ឬប្រហែល ១០ គីឡូម៉ែត្រ។ ការកើនឡើងសីតុណ្ហភាពនេះកើតឡើងនៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងរលកកម្ដៅកាន់តែខ្លាំងឡើងដោយសារការប្រែប្រួលអាកាសធាតុ។
លោក Marinoni បានព្រមានថា ការពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI នាពេលខាងមុខ “អាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសង្គម” ទាំងផ្នែកបរិស្ថាន សុខុមាលភាពប្រជាជន និងសេដ្ឋកិច្ច។ លោកស្រី Deborah Andrews សាស្ត្រាចារ្យកិត្តិយសមកពីសាកលវិទ្យាល័យ London South Bank បានបន្ថែមថា នេះជាឯកសារស្រាវជ្រាវដំបូងគេដែលផ្តោតលើបញ្ហាកម្ដៅដែលបញ្ចេញចេញពីមជ្ឈមណ្ឌលទិន្នន័យ៕
ប្រភព ៖ (CNN)
