រឹតបន្តឹង! មន្ត្រី ក.ប.ប. វាយឆ្មក់ពិនិត្យទុរេនភូពុយពាក់កណ្តាលអធ្រាត្រ រកប្រភពនាំចូលថៃ

រឹតបន្តឹង! មន្ត្រី ក.ប.ប. វាយឆ្មក់ពិនិត្យទុរេនភូពុយពាក់កណ្តាលអធ្រាត្រ រកប្រភពនាំចូលថៃ

កម្លាំងមន្ត្រីជំនាញនៃការិយាល័យ ក.ប.ប. បានចុះប្រតិបត្តិការវាយឆ្មក់ត្រួតពិនិត្យផ្លែទុរេននៅផ្សារភូពុយទាំងយប់ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្វែងរកប្រភពនាំចូល និងធានាសុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់។

មន្ត្រីកំពុងត្រួតពិនិត្យទុរេន

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៨ និង ១០នាទី យប់ ដោយមានការសហការជាមួយម្ចាស់ផ្សារ ដែលជាកូនរបស់លោកឧកញ៉ា ភូ ពុយ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។ ការត្រួតពិនិត្យផ្តោតលើទុរេនជាច្រើនសន្ធឹកសន្ធាប់ ដែលអាជីវករនាំយកមកលក់នៅផ្សារភូពុយ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គំនរទុរេននៅផ្សារ

តាមការសង្កេតផ្ទាល់របស់ក្រុមការងារជំនាញ បានប្រទះឃើញផ្លែទុរេនរៀបជាគំនរជាច្រើន ប្រមាណជាង ១០ គំនរ ដែលត្រូវបានត្រៀមសម្រាប់ដាក់លក់ក្នុងផ្សារ។ បើតាមប្រភពដំណឹងធ្លាយមួយបានឱ្យដឹងថា ផ្លែទុរេនខៀវទាំងនេះ អាចនាំចូលពីប្រទេសថៃ ដោយមានការដឹកជញ្ជូនឆ្លងព្រំដែនតាមរយៈកម្មករលីសែង។

ទិដ្ឋភាពត្រួតពិនិត្យទុរេន

ប្រភពដដែលបានបន្ថែមថា ទុរេននៅថៃប្រើសារធាតុជំរុញឱ្យឆាប់ទុំ ហើយនៅពេលមិនអាចនាំចេញទៅទីផ្សារក្រៅប្រទេសបានក្នុងចំនួនដ៏ច្រើនលើសលប់ ក៏ត្រូវបង្ខំឱ្យរកទីផ្សារផ្សេងសម្រាប់នាំចេញជាបន្ទាន់។

មន្ត្រីកំពុងពិនិត្យផ្លែទុរេន

ទោះជាយ៉ាងណា ព័ត៌មាននេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរនៅឡើយទេ ដោយសារតែការស្នើសុំរបស់ម្ចាស់ផ្សារ សុំឱ្យកម្លាំងជំនាញបន្តត្រួតពិនិត្យលម្អិត នៅព្រឹកថ្ងៃទី៣ ខែឧសភានេះវិញ។ ក្នុងអំឡុងពន្យាពេលត្រួតពិនិត្យនេះដែរ កម្លាំងសមត្ថកិច្ចត្រូវបានដាក់ឲ្យយាមការពារគំនរទុរេនទាំងអស់ ដើម្បីបង្ការការផ្លាស់ទី ឬការប៉ះពាល់ណាមួយ មុនពេលធ្វើការត្រួតពិនិត្យជាផ្លូវការ។

សមត្ថកិច្ចយាមការពារទុរេន

អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដើម្បីកំណត់ប្រភពនាំចូល និងធានាថាផលិតផលដែលដាក់លក់លើទីផ្សារ មានគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ទុរេនត្រៀមលក់ក្នុងផ្សារ ទិដ្ឋភាពត្រួតពិនិត្យចុងក្រោយ

អត្ថបទ៖ សោ និយមរ័ត្ន

administrator

Related Articles