អន្តរជាតិ ៖ ប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងយ៉ាងចំហអំពីភាពច្របូកច្របល់ក្នុងការទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា លោកមិនអាចកំណត់អត្តសញ្ញាណអ្នកដែលកំពុងដឹកនាំប្រទេសនេះបានទេ។

ប្រភពពីសារព័ត៌មាន Donald Trump For President នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតី Trump បាននិយាយអំពីប្រទេសអ៊ីរ៉ង់ដោយពោរពេញទៅដោយការងឿងឆ្ងល់ថា៖ “យើងមិនដឹងថាយើងកំពុងដោះស្រាយជាមួយអ្នកណាទេ។ យើងហៅទូរស័ព្ទទៅ នេះគឺជា Mohammed ហើយខ្ញុំនិយាយថា តើអ្នកជាមេដឹកនាំមែនទេ!? យើងកំពុងស្វែងរកមេដឹកនាំ!”

លោក Trump បានបន្តទៀតថា៖ “វាជាប្រទេសតែមួយគត់នៅលើពិភពលោក។ គ្មាននរណាម្នាក់ចង់ក្លាយជាមេដឹកនាំទេ អ្នកដឹងទេ ពួកគេនិយាយថា តើមាននរណាម្នាក់ចង់ក្លាយជាប្រធានាធិបតីទេ?! ហើយគ្មានអ្នកទទួលយកទេ!”
ការថ្លែងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយសារតែស្ថានការណ៍នយោបាយក្នុងប្រទេសអ៊ីរ៉ង់បច្ចុប្បន្នកំពុងមានភាពស្មុគស្មាញ និងមិនច្បាស់លាស់។ ប្រភពព័ត៌មានបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងចំហបែបនេះអំពីភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Trump នេះ កើតឡើងនៅក្នុងពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងមានភាពតានតឹងខ្លាំងលើបញ្ហាកម្មវិធីនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកបានឆ្លុះបញ្ចាំងពីការលំបាកក្នុងការស្វែងរកដៃគូចរចាដែលមានសិទ្ធិអំណាចពិតប្រាកដនៅក្នុងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់៕
ប្រភព៖ (Donald Trump For President)
