ប្រទេសយេម៉ែន៖ ក្នុងភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា នាវាដឹកប្រេងមួយគ្រឿងឈ្មោះ EUREKA ត្រូវបានក្រុមជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណចាប់ពង្វាងពីដែនទឹកឆ្នេរសមុទ្រយេម៉ែន កាលពីថ្ងៃទី២ ឧសភា ហើយបាននាំទៅកាន់ឆ្នេរសូម៉ាលី។ នេះជាការអះអាងរបស់កងឆ្មាំឆ្នេរសមុទ្រយេម៉ែន។

មជ្ឈមណ្ឌលព័ត៌មានសន្តិសុខសមុទ្រ JMIC បានព្រមានថា កម្រិតនៃការគំរាមកំហែងនៅក្នុងដែនសមុទ្រសូម៉ាលីមានការកើនឡើងវិញ បន្ទាប់ពីមានការវាយប្រហារជាច្រើនរបស់ពួកចោរសមុទ្រ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ។ នាវា EUREKA ត្រូវបានចាប់ពង្វាងនៅក្នុងដែនទឹកខេត្តចាបវ៉ា ប្រទេសយេម៉ែន។
កងឆ្មាំឆ្នេរសមុទ្រយេម៉ែនបានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធបានឡើងត្រួតត្រាលើនាវាដឹកប្រេងនេះ មុនពេលនាំយកទៅកាន់ឈូងសមុទ្រអាដេន សំដៅទៅកាន់ឆ្នេរសមុទ្រសូម៉ាលី។ បច្ចុប្បន្ននេះ អាជ្ញាធរកំពុងខិតខំប្រឹងប្រែងតាមដាននិងចាត់វិធានការចាំបាច់នានា ដើម្បីដណ្ដើមនាវានោះមកវិញ និងធានាសុវត្ថិភាពរបស់ក្រុមនាវិក។
គួរបញ្ជាក់ថា នាវា EUREKA ជានាវាដឹកប្រេងចម្រាញ់ ដែលដោតទង់ជាតិតូហ្គោ។ កងឆ្មាំឆ្នេរសមុទ្រនេះស្ថិតក្រោមរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែកាន់កាប់តែដែនដីមួយផ្នែកតូចប៉ុណ្ណោះ ខណៈពួកឧទ្ទាមហ៊ូធីគ្រប់គ្រងដែនដីភាគច្រើន រួមទាំងរដ្ឋធានីសាណាផងដែរ អស់រយៈពេលជាង១០ឆ្នាំមកហើយ។
ពួកហ៊ូធីធ្លាប់បានធ្វើការវាយប្រហារជាច្រើនលើនាវាដែលខ្លួនចាត់ទុកថាជាប់ទាក់ទងនឹងអ៊ីស្រាអែល។ បន្ទាប់ពីសកម្មភាពចោរសមុទ្ររីកដុះដាលខ្លាំងក្នុងឆ្នាំ២០១១ សកម្មភាពទាំងនេះបានថយចុះគួរឲ្យកត់សម្គាល់ ដោយសារការដាក់ពង្រាយនាវាចម្បាំងអន្តរជាតិ និងការបង្កើតប៉ូលិសសមុទ្រនៅរដ្ឋពុតឡែន សូម៉ាលី។ ប៉ុន្តែពេលនេះ ហាក់ដូចជាការគំរាមកំហែងកំពុងវិលត្រឡប់មកវិញហើយ។
