ភ្នំពេញ៖ តារាកំប្លែងរឿងនិទានរបស់ខ្មែរ នាយ ឆ្លាំង កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារជំងឺសួត និងទឹកនោមផ្អែម ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនកំពុងតាមដាន និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់តារាកំប្លែងរូបនេះ។

តារាកំប្លែងដ៏មានទេពកោសល្យរូបនេះ ដែលជាសមាជិកក្នុងក្រុមកំប្លែងរបស់ នាយ ក្រឹម បានបាត់មុខពីការសម្ដែងជាច្រើនខែចុងក្រោយនេះ។ ថ្មីៗនេះ ផលិតករ ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាពរបស់នាយ ឆ្លាំង ពេលកំពុងដេកឈឺនៅលើកន្ទេល មានកាយសម្បទាស្គមស្គាំង និងស្លេកស្លាំងខ្លាំង ស្ទើរមើលមិនស្គាល់ ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា នាយ ឆ្លាំង បន្ថែមពីជំងឺសួត និងទឹកនោមផ្អែម ក៏មានរលាកបំពង់ក មិនអាចទទួលទានបាយបានរយៈពេល ៤ថ្ងៃហើយ។ បច្ចុប្បន្ននេះ គាត់កំពុងសម្រាកព្យាបាលនៅផ្ទះក្នុងស្រុកឧត្តុង្គ មិនមែននៅមន្ទីរពេទ្យនោះទេ។

លោក ហ៊ុយ យ៉ាឡេង បានស្នើសុំឲ្យមហាជនចូលរួមជួយឧបត្ថម្ភថវិកាតាមសទ្ធា ដើម្បីជួយសម្រាលការចំណាយលើការព្យាបាល ដោយបានផ្ដល់លេខទូរស័ព្ទភរិយារបស់នាយ ឆ្លាំងគឺ 015551615។ លោកក៏បានបញ្ជាក់ថា នាយ ឆ្លាំង គឺជាមិត្តភក្តិរបស់លោកដែលធ្លាប់ហាត់រៀននៅសាលាសិល្បៈជាមួយគ្នា ហើយតារារូបនេះបានបម្រើសិល្បៈទាំងវិស័យភាពយន្ត និងកំប្លែងអស់រយៈពេលជិត ២០ឆ្នាំហើយ។

គួរបញ្ជាក់ផងដែរថា ក្រោយទទួលដំណឹងពីការធ្លាក់ខ្លួនឈឺរបស់នាយ ឆ្លាំង សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល តាមរយៈប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម ជូនដល់តារាកំប្លែងរូបនេះដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព និងការព្យាបាលជំងឺ។
នាយ ឆ្លាំង គឺជាតារាកំប្លែងដ៏មានទេពកោសល្យមួយរូប ដែលតែងតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាមួយការសម្ដែងបែបកំប្លែងរបស់លោក តាមរយៈកម្មវិធីតន្ត្រីស្រុកស្រែ និងសំណើចចុងសប្ដាហ៍របស់ស្ថានីយទូរទស្សន៍បាយ័ន។ សូមរួមគ្នាផ្ដល់កម្លាំងចិត្ត និងជូនពរឲ្យនាយ ឆ្លាំង ឆាប់ជាសះស្បើយពីជំងឺនេះឆាប់ៗ!
