រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសពីការបណ្តេញជនជាតិចិនចំនួន ១៦៦ នាក់ (ស្រី ០២ នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។

ការបណ្តេញនេះធ្វើឡើងកាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេសនៅឯប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការសហការជាមួយស្ថានទូតចិន។

នេះជាការអនុវត្តតាមវិធានការច្បាប់ដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការដឹកនាំដ៏មុតមាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ឱ្យបន្តកិច្ចប្រតិបត្តិការនេះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយមិនទុកឱ្យមេខ្លោងទាំងឡាយរួចផុតពីការផ្ដន្ទាទោសឡើយ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាក៏បន្តជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពខុសច្បាប់ទាំងនេះ និងផ្ដល់សេរីភាពឱ្យពួកគេវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។


