អ៉ីរ៉ង់ស្តីបន្ទោសអាមេរិកយ៉ាងខ្លាំង ក្រោយលោក ត្រាំ បដិសេធសំណើចរចាគ្រប់បែបយ៉ាង

អ៉ីរ៉ង់ស្តីបន្ទោសអាមេរិកយ៉ាងខ្លាំង ក្រោយលោក ត្រាំ បដិសេធសំណើចរចាគ្រប់បែបយ៉ាង

សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានចេញមុខព្រមានយ៉ាងខ្លាំងថា សហរដ្ឋអាមេរិកកំពុងប្រឈមនឹងជម្រើសពីរគឺ៖ ប្រតិបត្តិការយោធាដែលនឹងទទួលបរាជ័យ ឬកិច្ចព្រមព្រៀងមួយដ៏អាក្រក់ជាមួយតេហេរ៉ង់។ ការព្រមាននេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បដិសេធដោយប្រយោលចំពោះសំណើចុងក្រោយបំផុតរបស់អ៉ីរ៉ង់។

រូបភាពពាក់ព័ន្ធ

កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានជាប់គាំងចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី៨ ខែមេសា ដោយមកទល់នឹងពេលនេះមានកិច្ចចរចាតែមួយលើកប៉ុណ្ណោះ ដែលបានធ្វើឡើងរវាងភាគីទាំង២ ក្រោមកិច្ចសម្របសម្រួលពីប៉ាគីស្ថាន។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim និង Fars បានរាយការណ៍ថា តេហេរ៉ង់បានផ្ញើសំណើចុងក្រោយមាន ១៤ចំណុច ទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន។ ប៉ុន្តែលោក ត្រាំបានបង្ហាញការសង្ស័យភ្លាមៗចំពោះសំណើនេះដោយថ្លែងថា៖ «ខ្ញុំនឹងពិនិត្យផែនការដែលអ៉ីរ៉ង់ទើបតែបញ្ជូនមកឱ្យពួកយើងក្នុងពេលឆាប់ៗ ប៉ុន្តែខ្ញុំមិនអាចសម្រៃបានទេថាវាអាចនឹងត្រូវទទួលយក ព្រោះនៅក្នុងនោះពួកគេមិនទាន់តបស្នងនូវតម្លៃមួយយ៉ាងស័ក្តិសមសម្រាប់អ្វីដែលពួកគេបានធ្វើដាក់មនុស្សជាតិ និងពិភពលោកអស់រយៈពេលជា ៤៧ឆ្នាំមកនេះឡើយ»។

បើតាមសារព័ត៌មានអាមេរិក Axios សំណើចុងក្រោយបំផុតរបស់អ៉ីរ៉ង់ ក្នុងនោះមានទាំងការដាក់ឱសានរយៈពេល១ខែសម្រាប់កិច្ចចរចា ស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីច្រកសមុទ្រ Hormuz បិទបញ្ចប់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក និងបញ្ចប់សង្រ្គាមអចិន្ត្រៃយ៍ទាំងនៅក្នុងប្រទេសអ៉ីរ៉ង់ និងនៅលីបង់។

រូបភាពពាក់ព័ន្ធ

កាលពីប៉ុន្មានថ្ងៃមុន អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi បានប្រាប់ក្រុមមន្ត្រីទូតក្នុងទីក្រុងតេហេរ៉ង់ថា ការសម្រេចចិត្តគឺកំពុងស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកថាតើចង់ជ្រើសរើសជម្រើសការទូត ឬការប្រឈមមុខដាក់គ្នា។ លោក Gharibabadi បន្ថែមថា អ៉ីរ៉ង់បានត្រៀមខ្លួនជាស្រេចសម្រាប់ជម្រើសទាំង២។

administrator

Related Articles