កាលពីថ្ងៃទី៣ ឧសភា ១៩៤៦ អង្គជំនុំជម្រះឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A របស់ជប៉ុន ត្រូវបានបើកសវនាការនៅទីក្រុងតូក្យូ។ ឆ្លងកាត់រយៈពេលពីរឆ្នាំកន្លះ ចៅក្រមនិងមន្ត្រីអយ្យាការមកពី១១ប្រទេស បានជំនុំជម្រះសង្គ្រាមឈ្លានពានរបស់ជប៉ុន។ ចៅក្រមចិនលោក Mei Ju-ao និងលោក Xiang Zhejun បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ជនជាប់ចោទ២៥នាក់ សុទ្ធតែត្រូវបានកាត់ទោស។

៨០ឆ្នាំកន្លងផុតទៅ ទស្សនៈប្រវត្តិសាស្ត្រខុសឆ្គងដែលបដិសេធជ័យជំនះនៃសង្គ្រាមលោកលើកទីពីរបានងើបឡើងវិញ។ «យោធានិយមបែបថ្មី» របស់ជប៉ុនកំពុងបង្កការគំរាមកំហែងជាក់ស្តែង។ ប្រទេសជាច្រើនរួមទាំងចិន បានរៀបចំសកម្មភាពរំលឹក ដើម្បីកុំឱ្យយោធានិយមជប៉ុនងើបឡើងវិញជាដាច់ខាត។
សវនាការតូក្យូបានកាត់ក្តីដោយភស្តុតាងជាច្រើនលើសលប់ និងតក្កវិជ្ជាច្បាប់យ៉ាងហ្មត់ចត់ថា យោធានិយមជប៉ុនបានបំផុសសង្គ្រាមឈ្លានពាន និងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ការកាត់ក្តីត្រឹមត្រូវមិនអនុញ្ញាតឱ្យរងការប្រមាថឡើយ។
ប៉ុន្តែ ដោយសារសង្គ្រាមត្រជាក់ យោធានិយមជប៉ុនមិនត្រូវបានជំនុំជម្រះទាំងស្រុងទេ។ ឧក្រិដ្ឋជនសង្គ្រាមជាច្រើននាក់មិនទាន់ត្រូវបានផ្តន្ទាទោស ហើយខ្លះវិលត្រឡប់ឆាកនយោបាយវិញ។ នៅឆ្នាំ១៩៧៨ ផ្លាកព្រលឹងឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A ១៤នាក់ ត្រូវបានបញ្ចូលក្នុងស្តូបយ៉ាស៊ូគូនី។ «ការគោរពបូជាខ្មោច» បានក្លាយជាការសម្តែងនយោបាយរបស់កម្លាំងស្តាំនិយមជប៉ុន។

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន បានបដិសេធហេតុការណ៍សម្លាប់រង្គាលនៅក្រុងណានជីង ហើយបានទៅគោរពស្តូបយ៉ាស៊ូគូនីជាង១០លើក។ ថ្មីៗនេះ លោកស្រីបានថ្វាយគ្រឿងសក្ការបូជាក្នុងនាមនាយករដ្ឋមន្ត្រី បង្កការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។
សវនាការតូក្យូគឺជាការអនុវត្តតាមសេចក្តីប្រកាសក្រុងគែរ និង Potsdam ឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការពារសមិទ្ធផលជ័យជំនះនៃសង្គ្រាមលោកលើកទីពីរ។ បច្ចុប្បន្ន រដ្ឋាភិបាលលោកស្រី Takaichi កំពុងពន្លឿន «យោធានិយមបែបថ្មី» ពីការបង្កើនថវិកាការពារជាតិ រហូតដល់ការឃោសនាអាវុធនុយក្លេអ៊ែរ ធ្វើឱ្យសហគមន៍អន្តរជាតិថ្កោលទោស។
ការកាត់ក្តីប្រវត្តិសាស្ត្រនៅតូក្យូ មិនត្រូវបំភ្លៃបានឡើយ។ បើអ្នកណាប៉ុនប៉ងបដិសោធសង្គ្រាមឈ្លានពាន នឹងត្រូវជំនុំជម្រះក្នុងតុលាការប្រវត្តិសាស្ត្រម្តងទៀតជាមិនខាន!
ប្រភព៖ (CCFR)
