លោក​ត្រាំពិចារណាផែនការ១៤ចំណុច​របស់អ៉ីរ៉ង់ តែរិះគន់ថា«មិនអាចទទួលយកបាន»

លោក​ត្រាំពិចារណាផែនការ១៤ចំណុច​របស់អ៉ីរ៉ង់ តែរិះគន់ថា«មិនអាចទទួលយកបាន»

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី២ ឧសភា ថា លោកនឹងសិក្សាផែនការ១៤ចំណុចរបស់អ៉ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីការបដិសេធសំណើមុនៗរបស់តេហេរ៉ង់។

រូបភាពទី១

តាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំសរសេរថា៖ «ខ្ញុំនឹងសិក្សាផែនការអ៉ីរ៉ង់នោះក្នុងពេលឆាប់ៗ តែខ្ញុំគិតថាផែនការនោះនឹងមិនអាចទទួលយកបានឡើយ ព្រោះអ៉ីរ៉ង់មិនបានបង់គ្រប់គ្រាន់ចំពោះអ្វីដែលត្រូវធ្វើសម្រាប់មនុស្សជាតិ និងពិភពលោកចាប់តាំងពី៤៧ឆ្នាំមក»។

តាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ TASMIN ក្រុងតេហេរ៉ង់បានបញ្ជូនផែនការនេះតាមរយៈអាជ្ញាកណ្ដាលប៉ាគីស្ថាន ក្នុងគោលបំណងបញ្ចប់ជម្លោះក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងផែនការនោះ អ៉ីរ៉ង់ទាមទារឲ្យដកកងទ័ពអាមេរិកចេញពីតំបន់ក្បែរអ៉ីរ៉ង់ លុបចោលការហ៊ុមព័ទ្ធកំពង់ផែ និងការបង្កកទ្រព្យសម្បត្តិ និងលុបចោលទណ្ឌកម្មនានា។

រូបភាពទី២

ទីភ្នាក់ងារព័ត៌មាននោះបន្ថែមថា ផែនការនេះរួមមានយន្តការទាក់ទងនឹងច្រកសមុទ្រហ័រមូស និងការបញ្ចប់សង្គ្រាមលើគ្រប់រណសិរ្សទាំងអស់ រួមទាំងនៅលីបង់ផងដែរ។ គួរកត់សម្គាល់ថា ផែនការនេះមិនបានលើកពីសំណុំរឿងនុយក្លេអ៊ែរឡើយ ដែលជាបញ្ហាសំខាន់សម្រាប់អាមេរិក និងអ៉ីស្រាអែល ដែលចោទអ៉ីរ៉ង់ថាចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ តែអ៉ីរ៉ង់បានបដិសេធ។

រូបភាពទី៣

administrator

Related Articles