
ញូវយ៉ក ៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា យន្តហោះ Boeing 767-400 របស់ក្រុមហ៊ុន United Airlines ដែលមានមូលដ្ឋាននៅទីក្រុង Chicago បានបុកបង្គោលភ្លើងនៅលើផ្លូវហាយវេក្បែរអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ក្នុងរដ្ឋ New Jersey កាលពីថ្ងៃទី ៣ ខែឧសភា វេលាម៉ោងប្រហែល ២ រសៀល។
យន្តហោះដ៏ធំនេះបានហោះចេញពីទីក្រុង Venice ប្រទេសអ៊ីតាលី ដោយដឹកអ្នកដំណើរចំនួន ២២១ នាក់ ព្រមទាំងសមាជិកនាវិកចំនួន ១០ នាក់ មកកាន់ទីក្រុងញូវយ៉ក។ ទោះបីជាមានការបុកប៉ះគ្នាយ៉ាងខ្លាំងក៏ដោយ FAA បានបញ្ជាក់ថាយន្តហោះ Boeing អាចចុះចតដោយសុវត្ថិភាព ដោយគ្មានអ្នកដំណើរណាម្នាក់រងរបួសឡើយ។
អាជ្ញាធរកំពង់ផែនៃទីក្រុងញូវយ៉ក និងរដ្ឋ New Jersey (PANYNJ) បានឲ្យដឹងថា ហេតុការណ៍នេះបានបណ្តាលឲ្យបង្គោលភ្លើង និងរ៉ឺម៉កមួយគ្រឿងដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេត្រូវខូចខាតយ៉ាងដំណំ។ អ្នកបើកបររ៉ឺម៉ករូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយមានរបួសស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញនៅពេលក្រោយ។

PANYNJ បានបញ្ជាក់បន្ថែមថា យន្តហោះទទួលរងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ។ បុគ្គលិកអាកាសយានដ្ឋានបានត្រួតពិនិត្យផ្លូវរត់ដោយប្រុងប្រយ័ត្នរកកំទេចកំទី ហើយប្រតិបត្តិការហោះហើរបានវិលមករកភាពធម្មតាវិញក្នុងរយៈពេលដ៏ខ្លី។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន United Airlines បានលើកឡើងថា៖ «ក្រុមថែទាំរបស់យើងកំពុងវាយតម្លៃការខូចខាតដល់យន្តហោះ។ យើងនឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើទិដ្ឋភាពសុវត្ថិភាពហោះហើរនៃឧប្បត្តិហេតុនេះ ហើយបានដាក់ក្រុមនាវិកឲ្យឈប់សម្រាកជាបណ្តោះអាសន្នតាមនីតិវិធី»៕
