រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យជាក់ស្តែងលើអាជីវករលក់ទុរេននៅផ្សារភូពុយ ក្រុងបាត់ដំបង បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមពីការនាំចូលទុរេនពីប្រទេសថៃ។

យោងតាមសេចក្តីបំភ្លឺរបស់សាខា ក.ប.ប ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២ ឧសភា និងព្រឹកថ្ងៃទី៣ ឧសភា នៅតាមទីតាំងអាជីវករលក់ទុរេនចំនួន៨កន្លែង។
ក្រោយពីបានសាកសួរ ក្រុមមន្ត្រីបានរកឃើញថា ទុរេនដែលដាក់លក់នៅផ្សារភូពុយ មានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ព្រមទាំងផ្សារនាគមាស និងផ្សារដើមគរថ្មី រាជធានីភ្នំពេញ ដោយការបញ្ជាទិញតាមទូរស័ព្ទ និងបណ្តាញសង្គម ពុំមានវិក័យបត្រទិញ-លក់ និងពុំមានការនាំចូលពីប្រទេសថៃនោះឡើយ។
មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករទាំងអស់ឱ្យមានវិក័យបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់សម្រាប់រាល់ការទិញ-លក់ ព្រមទាំងបានយកសំណាកគំរូទុរេនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់។ លើសពីនេះ មន្ត្រីក៏បានជំរុញស្មារតីស្រឡាញ់ជាតិដល់អាជីវករផងដែរ។
