ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឆាបឆេះឃ្លាំងស្តុកអេតចាយឈ្មោះ លឹម សុវណ្ណរឹទ្ធ អាយុ២៥ឆ្នាំ ស្ថិតនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩និង០៣នាទីយប់ ថ្ងៃទី០៣ ឧសភា ឆ្នាំ២០២៦ ដោយបានឆាបឆេះរថយន្តដឹកទំនិញចំនួន០២គ្រឿងស្ទើរទាំងស្រុង ព្រមទាំងសម្ភារអេតចាយ និងថង់កៅស៊ូជាច្រើន។

រថយន្តដែលរងការខូចខាតរួមមាន៖ រថយន្តម៉ាកហ៊ីយ៉ាន់ដា (HIYADAY) ពណ៌ខៀវ ពាក់ផ្លាកលេខបាត់ដំបង 3A-0313 ទម្ងន់៣តោន និងរថយន្តម៉ាកកូរ៉េពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2Q-3254 ទម្ងន់២តោនកន្លះ។ លើសពីនេះរោងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៤គុណ៥ម៉ែត្រ០១ខ្នងក៏ត្រូវភ្លើងឆេះខ្ទេចអស់ដែរ។
សមត្ថកិច្ចក្រោមការសម្របសម្រួលពីនគរបាលស្រុកគងពិសី និងនគរបាលខេត្តកំពង់ស្ពឺ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងទឹកបាញ់ពន្លត់ចំនួន៤រថយន្ត ព្រមទាំងកម្លាំងសរុប១៦នាក់ ទើបអាចគ្រប់គ្រងស្ថានការបាន។ ជាសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករបួស ឬស្លាប់នោះឡើយ។
គួរបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ហើយសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកមូលហេតុពិតប្រាកដ។
