ប្រទេសចិន ៖ ការផ្តល់ផលប្រយោជន៍ និងសុភមង្គលជូនចំពោះប្រជាជន ជាការតាំងចិត្តប្រកបដោយឆន្ទៈមុតមាំ និងជាគោលដៅធ្វើការងាររបស់លោក Xi Jinping ។ តាំងពីជាង ៥០ឆ្នាំមុន កាលលោកនៅជាយុវជនធ្វើការតាមភូមិជនបទនៃខេត្តស្រានស៊ី គំនិតធ្វើអភិបាលកិច្ចដែលអាចដោះស្រាយយ៉ាងប្រាកដប្រជានូវកង្វល់របស់ប្រជាជន បានចាក់ឬសយ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់លោករួចទៅហើយ។

កាលនោះ នៅក្នុងតំបន់នោះមានយុវជនកម្រិតសិក្សាខ្ពស់មកពីក្រុងប៉េកាំងចំនួនប្រហែល ៣ ម៉ឺននាក់ ហើយលោក Xi Jinping ជាអ្នករូបទីមួយដែលត្រូវបានអ្នកភូមិជ្រើសរើសជាលេខាបក្សប្រចាំភូមិ។ កាលនោះលោកមានវ័យត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ក៏ទទួលបានប័ណ្ណសរសើរបុគ្គលឆ្នើម ជាមួយនឹងរង្វាន់ជាម៉ូតូមួយគ្រឿង។
នៅសម័យនោះ ប្រទេសចិនកំពុងជួបការលំបាកខ្លាំង ខ្វះខាតទាំងអាហារ និងសម្លៀកបំពាក់។ ម៉ូតូកង់បីដែលមានភ្ជាប់រឺម៉កនៅផ្នែកចំហៀងបែបនេះ ជារបស់កម្រឃើញណាស់។ ដំណឹងល្អនេះបានផ្សាយដល់ភូមិ អ្នកភូមិទាំងអស់សប្បាយចិត្តយ៉ាងខ្លាំងសម្រាប់គាត់។ ប៉ុន្តែផ្ទុយពីការរំពឹងទុក យុវជន Xi Jinping បាននិយាយថា៖ «ម៉ូតូនេះគ្មានប្រយោជន៍អ្វីចំពោះពួកយើងទេ! ដឹករបស់របរតិច មិនអាចជួយធ្វើស្រែ យកមកធ្វើអី? រាល់ថ្ងៃតើឲ្យខ្ញុំជិះលេងខ្យល់ឬ?»

លោកបានធ្វើការទាក់ទងជាច្រើនលើកដើម្បីប្តូរម៉ូតូដ៏មានតម្លៃខ្ពស់នោះ យកទៅជាត្រាក់ទ័រកាន់ដោយដៃ និងម៉ាស៊ីនកិនម្សៅ ដែលជាឧបករណ៍មានតម្លៃណាស់សម្រាប់អ្នកភូមិក្នុងការងារកសិកម្ម។
ក្រោយពីត្រូវបានជ្រើសតាំងជាអគ្គលេខាធិការមជ្ឈិមបក្ស លោក Xi Jinping បានសង្កត់ធ្ងន់ជាច្រើនលើកថា៖ «ការរំពឹងទុកចំពោះជីវភាពរស់នៅដ៏ល្អបវររបស់ប្រជាជន ជាគោលដៅតស៊ូរបស់យើង»។ ឃ្លានេះក៏ជាពាក្យសម្បថនៃបណ្តាសមាជិកបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី៕
ប្រភព៖ (CCFR)
