រាជធានីភ្នំពេញ៖ ទស្សនិកជនកីឡាប្រដាល់បានរំភើបយ៉ាងខ្លាំងកាលពីថ្ងៃទី៣ ខែឧសភា បន្ទាប់ពីកីឡាករកម្ពុជាពីររូបគឺ ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយជ័យជម្នះដ៏អស្ចារ្យនៅលើសង្វៀនទូរទស្សន៍ហង្សមាស។

ការប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់៥៩គីឡូក្រាមរវាងឈុត សេរីវ៉ាន់ថង និងកីឡាករបារាំងរូបខ្លាំង អឹម បាយសាំ គឺមិនងាយស្រួលនោះឡើយ។ ដោយសារកីឡាករបារាំងធ្លាប់វាយកីឡាករពេជ្រ អាទិទេព ឲ្យចូលដេកពេទ្យម្ដងរួចមកហើយ ទើបអ្នកនិយមទស្សនាភាគច្រើនមិនសូវទុកចិត្តលើឈុត សេរីវ៉ាន់ថងប៉ុន្មានទេ។ ប៉ុន្តែឈុត សេរីវ៉ាន់ថង មិនបានញញើតឡើយ គឺគេបានព្យាយាមចូលកៀកម៉ាត់ និងបុកស្នៀតកែងសំដៅមុខគូប្រកួតចូលពេញៗ ធ្វើឲ្យសង្វៀនទាំងមូលឡើងកម្ដៅពីមួយទឹកទៅមួយទឹក។ ក្រោយការប្រកួតពេញទាំង៥ទឹក ឈុត សេរីវ៉ាន់ថង បានយកឈ្នះដោយពិន្ទុ ហើយនេះជាខ្សែក្រវាត់ទី១០ហើយដែលគេដណ្ដើមបាន។

ចំណែកឯ ឃីម បូរ៉ា វិញ បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោយ៉ាងខ្លាំងនៅពេលគេបានប្រើស្នៀតកណ្ដាប់ដៃវាយផ្ដួលកីឡាករអ៊ីរ៉ង់ ដានីញ៉ែលមហាម៉ាឌី ឲ្យសន្លប់នៅត្រឹមទឹកទី១ប៉ុណ្ណោះ ក្នុងការការពារតំណែងម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករអ៊ីរ៉ង់រូបនេះទោះមានប្រវត្តិប្រកួតមិនធម្មតាក៏ដោយ ក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង ដោយសារគ្មានលទ្ធភាពតដៃជាមួយកីឡាករកម្ពុជាបានឡើយ។

ទោះយ៉ាងណា នៅលើសង្វៀនដដែល កីឡាករ ធន់ ម៉េងហុង ដែលឡើងការពារខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមជាមួយកីឡាករចិន ស៊ូស៊ូ បានត្រឹមតែ៤ទឹកប៉ុណ្ណោះ ក៏ត្រូវបោះបង់ការប្រកួត និងរបូតខ្សែក្រវាត់ទៅកាន់កីឡាករចិន។ ដោយសាររបួសលើផ្ទៃមុខជាទម្ងន់ ការប្រកួតណាត់ជួបជាមួយកីឡាករពេជ្រ សម្បត្តិ នៅថ្ងៃទី១០ ខែឧសភាខាងមុខនេះ នៅមិនទាន់ដឹងថាយ៉ាងណានោះទេ។

