ក្រុងតេអេរ៉ង់៖ ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស កំពុងឆាបឆេះឡើងវិញយ៉ាងខ្លាំង ខណៈយោធាអ៊ីរ៉ង់បានចេញសន្ទរកថាដាក់កងកម្លាំងសហរដ្ឋអាមេរិកយ៉ាងតឹងរ៉ឹងថា នឹងត្រូវទទួលរងនូវការវាយប្រហារជាមិនខាន ប្រសិនបើពួកគេហ៊ានរុកចូលទៅក្នុងច្រកសមុទ្រ Hormuz ដែលជាបណ្តាញផ្លូវទឹកយុទ្ធសាស្ត្របូមប្រេងដ៏សំខាន់របស់ពិភពលោក។

ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ យោធាអ៊ីរ៉ង់បានព្រមានជាផ្លូវការថា កងកម្លាំងអាមេរិកនឹងត្រូវកំណត់ជាគោលដៅ ប្រសិនបើហ៊ានចូលទៅក្នុងច្រកសមុទ្រ Hormuz ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវប្រតិបត្តិការ “Project Freedom” ដើម្បីរំដោះកប៉ាល់ពាណិជ្ជកម្មរាប់រយគ្រឿងដែលកំពុងជាប់គាំង។
ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Ali Abdollahi នៃបញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៊ីរ៉ង់ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB ថា «យើងព្រមានកងកម្លាំងប្រដាប់អាវុធបរទេសទាំងឡាយ ជាពិសេសយោធាអាមេរិក… ប្រសិនបើពួកគេហ៊ានធ្វើដំណើរឆ្ពោះមក ឬចូលក្នុងច្រកសមុទ្រ Hormuz នោះនឹងត្រូវកំណត់គោលដៅ ហើយរងការវាយប្រហារមិនខាន»។

ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះបានបញ្ជាក់បន្ថែមថា «យើងធ្លាប់បានសង្កត់ធ្ងន់ជាដដែលៗរួចហើយថា សន្តិសុខនៃច្រកសមុទ្រ Hormuz គឺស្ថិតក្រោមការគ្រប់គ្រងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ ហើយក្នុងកាលៈទេសៈគ្រប់បែបយ៉ាង ការធ្វើដំណើរណាមួយដោយសុវត្ថិភាព ចាំបាច់ត្រូវតែមានការសម្របសម្រួលជាមួយកងកម្លាំងរបស់យើង»។
គួរជម្រាបថា ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកដ៏សំខាន់សម្រាប់លំហូរប្រេង និងឧស្ម័នរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ចាប់តាំងពីសង្រ្គាមបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈកន្លងមក។ កាលពីថ្ងៃអាទិត្យទី៣ ឧសភា លោកត្រាំបានប្រកាសថា កងទ័ពអាមេរិកនឹងបើកប្រតិបត្តិការ Project Freedom ដើម្បីស្រាយទម្រង់ការបិទខ្ទប់នេះ ដែលបានធ្វើឱ្យកប៉ាល់ពាណិជ្ជកម្មរាប់រយគ្រឿងជាប់គាំង មិនហ៊ានធ្វើដំណើរឆ្លងកាត់។

បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នេះ ខណៈការប្រឈមមុខគ្នារវាងមហាអំណាចទាំងពីរ អាចនឹងឈានទៅរកការប៉ះទង្គិចគ្នាផ្ទាល់នៅពេលណាមួយ៕
